ហេតុ​អ្វី​យុវជន​ខ្មែរ​មួយ​ភាគ យក ១៤ កុ​ម្ភះ ទិវា​នៃ​ក្តី​ស្រលាញ់ ដើម្បី​ធ្វើ​រឿង​ម្យ៉ាង​នោះ?

28

ដោយ​កត់សម្គាល់​ឃើញ​ថា អំឡុង​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ទិវា​នៃ​ក្តី​ស្រលាញ់ ឬ​ហៅ​ថា Valentine’s Day បាន​ធ្វើ​ឲ្យ​យុវវ័យ​ខ្មែរ ជា​ពិសេស​សិស្សានុសិស្ស​មួយ​ចំនួន​យល់​ច្រឡំ​ថា ជា​បុណ្យ​សង្សារ ឬ​ជា​ថ្ងៃ​ណាត់ជួប​គ្នា​រវាង​គូស្នេហ៍ គេចវេស​ពី​ការ​សិក្សា ហេតុ​ដូច្នេះ​ហើយ​ទើប​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ចេញ​សេចក្តីណែនាំ​មួយ​ជូន​ដល់​គ្រឹះស្ថានសាធារណៈ​ឲ្យ​ចាត់វិធានការ​ទប់ស្កាត់​នូវ​សកម្មភាព​មិន​ប្រក្រតី​មួយ​ចំនួន នា​ថ្ងៃ​បុណ្យ​នៃ​ក្តី​ស្រលាញ់​ដែល​នឹង​មក​ដល់​នា​ថ្ងៃ​ទី ១៤ ខែ​កុ​ម្ភះ ឆ្នាំ​២០១៩ ស​ប្តា​ហ៍​ក្រោយ ។

យោង​តាម​សេចក្តីណែនាំ​របស់​ក្រសួង​ចុះ​ថ្ងៃ​ទី ០៧ ខែ​កុ​ម្ភះ នេះ​បាន​បញ្ជាក់​ថា «​ទិវា​នៃ​ក្តី​ស្រលាញ់ កាន់តែ​មាន​ឥទ្ធិពល​ធំ​ឡើង​ៗ ធ្វើ​ឲ្យ​យុវវ័យ​ភ្លើតភ្លើន ភ្លេច​ការ​សិក្សា​បាត់បង់​សេចក្តី​ថ្លៃថ្នូ​របស់​ខ្លួន​និង​ក្រុម​គ្រួសារ ប្រាសចាក​វប្បធម៌ និង​ប្រពៃណី​ជាតិ​ដ៍​ផូរផង់​របស់​ខ្មែរ​ទៀតផង​» ។

ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ចេញ​សេចក្តីណែនាំ​ថ្មី​មួយ​នេះ ដោយ​បញ្ជាក់​យ៉ាង​ច្បាស់​ថា «​ទិវា​នេះ​ពុំ​មែន​ជា​ពិធីបុណ្យ​ប្រពៃ​ណ៌​របស់​ជនជាតិ​ខ្មែរ​យើង​ទេ​» ដូច្នេះ​ក្រសួង​តម្រូវ​ឲ្យ​ចាត់វិធានការ​ណ៍​ពង្រឹង​ការ​អនុវត្ត​បទបញ្ជាផ្ទៃក្នុង សម្រាប់​គ្រឹះស្ថានសាធារណៈ ក្រសួង​អប់រំ យុវជន និង​កីឡា​សូម​ធ្វើការ​ណែនាំ​ស្តី​ពី វិធានការ​ទប់ស្កាត់​សកម្មភាព​មិន​ប្រក្រតី ក្នុង​ទិវា​បុណ្យ​នៃ​ក្តី​ស្រឡាញ់​នៅ​តាម​គ្រឹះស្ថានសិក្សា​សាធារណៈ និង​ឯកជន ដូច​តទៅ​៖
១៖ ត្រូវ​ផ្សព្វផ្សាយ​ដល់​សិស្សានុសិស្ស តាម​គ្រប់​មធ្យោបាយ ដូច​ជាតា​មរយៈ​ការ​ប្រជុំ​នៅ​ពេល​គោរព​ទង់ជាតិ កុំឱ្យ​មានការ​យល់​ខុស អំពី​អត្ថន័យ​នៃ​ទិវា​បុណ្យ​នៃ​ក្តី​ស្រឡាញ់​។
​២៖ ត្រូវ​ពង្រឹង​ការ​អនុវត្ត​បទបញ្ជាផ្ទៃក្នុង របស់​គ្រឹះស្ថានសិក្សា​សាធារណៈ​ឱ្យ​បាន​ម៉ឺងម៉ាត់ ជា​ពិសេស​លើ​ការ​គ្រប់គ្រង​សីលធម៌ និង​វិន័យ ដោយ​តាមដាន​អវត្តមាន​របស់​សិស្សានុសិស្ស​ជា​ប្រចាំ​។
​៣៖ ត្រូវ​ជំរុញ​ដំណើរការ​របស់​ក្រុមប្រឹក្សា​យុវជន ក្រុមប្រឹក្សា​កុមារ​ប្រចាំ​សាលា ដោយ​អនុវត្ត​សកម្មភាព «​មិត្ត​អប់រំ​មិត្ត​»​។
​៤៖ ត្រូវធ្វើ​ទំនាក់ទំនង​ជិត​ស្និទ្ធ​ជាមួយ​មាតាបិតា អ្នក​អាណាព្យាបាល​សិស្ស សហគមន៍​ដើម្បី​ផ្តល់ និង​ទទួល​ព័ត៌មាន​នានា ពាក់ព័ន្ធ​នឹង​សកម្មភាព​មិន​ប្រក្រតី ដែល​ប្រព្រឹត្ត​ដោយ​សិស្សានុសិស្ស ដើម្បី​សហការ​គ្នា​អប់រំ​ណែនាំ​កែ​ល​ម្ផ​សិស្សានុសិស្ស បាន​ទាន់​ពេលវេលា​។
​យ៉ាងណាមិញ​កន្លង​មក​ក៏​ធ្លាប់​មាន​សារ​អប់​រំជា​ច្រើន​បាន​ក្រើនរម្លឹក​ដល់​សុភាព​នារី​ទាំងឡាយ កុំ​ឲ្យ​យល់​ច្រឡំ​ថា ទិវា​នៃ​ក្តី​ស្រលាញ់ ឬ​ហៅ​ថា Valentine’s Day គឺជា​ពេល​ដែល​ត្រូវ​ប្រគល់​ខ្លួនប្រាណ​ដល់​ដៃគូ​សង្សា ជា​ថ្នូ​នឹង​ផ្កា​មួយ​ទង ឬ​មួយ​ប៉ាច់ ឬ​ក៏​អំ​ណោ​ច​អ្វីមួយ​នោះ​ឲ្យ​សោះ ៕