ស្ងាត់​ៗ! មិន​ទាន់​ឮដំណឹង​រៀប​ការ​ផង ស្រាប់តែ​ឮ​ថា ឌុ​ច លី​ដា មានកូន​១​បាត់

22

រាជធានី​ភ្នំពេញ ៖ តារា​សម្តែង​នាង ឌុ​ច លី​ដា បាន​ធ្វើ​ឲ្យ​មហាជន ជា​ពិសេស​បណ្តា​អ្នកលេង​ហ្វេ​ស​ប៊ុ​ក បន្ទាប់​ពី​នាង​ត្រូវ​បាន​គេ​សង្ស័យ​ថា បាន​សម្ងំ​សម្រាលកូន​ម្នាក់ ក្រោយ​ពេល​នេះ​តារា​រូប​នេះ​បាន​បាត់​មុខ​ពី​សិល្បៈ​មួយ​រយៈ​។

ភាព​ភ្ញាក់ផ្អើល និង​ការ​សង្ស័យ​នេះ​បាន​កើត​មាន​ឡើង បន្ទាប់​ពី​គណនេយ្យ​ហ្វេ​ស​ប៊ុ​ក​របស់​នាង​បាន​បង្ហោះ​រូបភាព​កូន​ក្មេង ដែល​ទើប​សម្រាល​ថ្មី​ៗ​ជា​បន្តបន្ទាប់ ជាមួយនឹង​សារ​ភ្ជាប់​ពី​ជម្រៅ​ចិត្ត​ម្តាយ​ចំពោះ​កូន​។

បើ​ទោះបីជា​មិន​បាន​បញ្ជាក់​ឲ្យ​បាន​ច្បាស់​ពី ឌុ​ច លី​ដា ថា រូបភាព​នេះ ជា​កូន​របស់​នាង​ពិត​ប្រាកដ​​ឬ​យ៉ាងណា​ក៏​ដោយ? ប៉ុន្តែ​តាម​រយៈ​ការ​ខំ​មិន​ពី​មិត្តភក្តិ និង​មហាជន​នៅ​ពីក្រោម​រូបភាព​ដែល​នាង​បាន​បង្ហោះ​នោះ គឺ​បញ្ជាក់​ថា នោះ​គឺជា​កូន​របស់​នាង​យ៉ាង​ពិតប្រាកដ​។

យ៉ាងណា​ពួក​គេ​បាន​សម្តែង​ការ​សាទរ​ពេល​បាន​ទទួល​ដំណឹង​ថា តារា​រូប​នេះ​បាន​សម្រាលកូន​ម្នាក់ ប្រកបដោយ​ភាព​ស្រស់​ស្អាត និង​មានមុខមាត់​ស្រ​ដៀង​នឹង​នាង បើ​ទោះបីជា​នាង​មិន​ទាន់​មាន​ដំណឹង​ចូល​រោងការ​ជាមួយ​ម្នាក់​ក៏​ដោយ​។

ដោយឡែក​ជុំវិញ​បញ្ហា​នេះ តារា​សម្តែង​នាង ឌុ​ច លី​ដា មិន​បាន​ធ្វើការ​ឆ្លើយ​តប​ណាមួយ​នៅ​ពេល​ដែល​កោះសន្តិភាព​បាន​សាកសួរ​ពី​បញ្ហា​ខាងលើ​នេះ​តាម​សារ​អេ​ឡិច​ត្រូ​ច​កាលពី​ថ្ងៃ​ទី​១៩ ខែកុម្ភៈ ឆ្នាំ​២០២០​នេះ​ឡើយ​។

ជា​ការ​កត់សម្គាល់ កន្លង​មក ឌុ​ច លី​ដា ត្រូវ​បាន​គេ​ដាក់​ការ​សង្ស័យ​ថា នាង​បាន​លួច​បង្កាត់ភ្លើង​ស្នេហ៍​ជាមួយ​តារា​សម្តែង​លោក ណា​ខន បន្ទាប់​ពី​អ្នក​ទាំង​ពីរ​តែងតែ​បណ្តើរគ្នា​ជា​ញឹកញាប់​ពេល​ចូលរួម​កម្មវិធី​ផ្សេង​ៗ​។ យ៉ាងណា​កន្លង​មក ទាំង​លោក ណា​ខន និង ឌុ​ច លី​ដា ធ្លាប់​បាន​លើក​ឡើង​ថា ពួក​គេ​ទាំង​ពីរ​ពិតជា​មាន​ចំណងទាក់ទង​គ្នា​ពិសេស​មែន តែ​មិន​ក្នុង​ន័យ​ស្នេហា​ទេ គឺ​ក្នុង​នាម​ជា​បងប្អូន មិត្តភក្ដិ​សិល្បៈ ប៉ុណ្ណោះ ។

ចំពោះ​ការ​ដើរ​តាម​គ្នា​ស្អិត​នោះ ដោយសារ​តែ​មានការ​ស្រឡាញ់​ចូល​ចិត្ត​ពី ហ្វេ​ន​ៗ ដែល​ចង់​ឲ្យ​ពួក​គេ​ក្លាយជា​គូស្នេហ៍​ពិត​ៗ​។ ទោះជា​យ៉ាងណា​ក៏​ដោយ​ឌុ​ច លី​ដា មិន​បាន​ច្រាន​ចោលការ​លើក​ឡើង​នោះ​ឡើយ គ្រាន់តែ​យល់​ថា ស្នេហា​កើតឡើង​ដោយសារ​តែ​ការ​យល់ចិត្ត​គ្នា ។

នាង​បន្ត​ថា «​បើ​មើលទៅ​លើ​គុណសម្បត្តិ​របស់​លោក​ណា ខុន គឺ​ល្អ​ច្រើន សង្ហារ ហើយ​កំពុង​ក្លាយជា​តារា​លេចធ្លោ​ក្នុង​ពិភព​សម្តែង ។ នាង​មិន​បដិសេធ​នោះ​ទេ តែ​សុំ​មិន​ទាន់​គិត​អ្វី​ច្រើន​ជាង​មិត្ត​រួមការ​ងារ​។

ដោយឡែក ឌុ​ច លី​ដា ក៏​ធ្លាប់​បាន​ពើបប្រទះ​នូវ​ព័ត៌មាន​ពី​ចំណង​ស្នេហ៍​ជាមួយ​កូន​ថៅកែ​ហាង​ពេជ្រ​មួយ​រូប​ផង ដែល​បុរស​រូប​នោះ​តែង​តាម​នាង​ស្អិត រហូត​មានការ​ប្រចណ្ឌ​មិន​ឲ្យ​នាង​សម្តែង​ក្នុង​ឈុត​អោប​ថើប​នោះ​ផង​ដែរ​។ ប៉ុន្តែ​បញ្ហា​នេះ ឌុ​ច លី​ដា ក៏​បាន​ចេញ​មក​បដិសេធ​ដូច​គ្នា ខណៈ​​ពេល​ដែល​នាង​នៅ​តែ​ប្រកាន់​ជំហរ​ថា គ្មាន​នរណា​ម្នាក់​អាច​ហាមឃាត់​រូប​នាង​មិន​ឲ្យ​ប្រឡូក​​ក្នុង​សិល្បៈ​ក្នុងអំឡុងពេល​នេះ​ឡើយ​។

ប្រសិនបើ​ករណី ឌុ​ច លី​ដា ពិតជា​សម្រាល​បានកូន​ម្នាក់​ជា​រឿង​ពិតមែន​នោះ នាង​គឺជា​តារា​មួយ​ដួង​ទៀត ក្នុង​ចំណោម​តារា​មួយ​ចំនួន​ទៀត ដែល​បាន​លួច​សម្ងំ​សម្រាលកូន​ទាំង​មិន​ទាន់​មាន​ដំណឹង​រៀប​ការ​៕