តើ​កម្ពុជា​អាច​ទេ ថា​នឹង​ហ៊ា​ម​មិន​ឲ្យ​ប្រារព្ធ​ទិវា​នៃ​ក្តី​ស្រលាញ់ឬ?

65

ទិវា​នៃ​ក្តី​ស្រលាញ់ ឬ​ហៅ​ថា Valentine’s Day នឹង​ចូល​មក​ដល់​នា​ថ្ងៃ​ទី ១៤ កុ​ម្ភះ ស​ប្តា​ហ៍​ក្រោយ​នេះ ជា​ពិសេស​បច្ចុប្បន្ន​នេះ ទិវា​នៃ​ក្តី​ស្រលាញ់​បាន​នឹង​កំពុង​ជ្រៀតចូល​មក​ក្នុង​សង្គម​ជាតិ​កម្ពុជា ជា​ពិសេស​ក្នុង​ស្រទាប់​យុវជន ។

ដោយ​មានការ​ព្រួយបារម្ភ​ណ៍​ថា ទិវា​នៃ​ក្តី​ស្រលាញ់ អាច​នឹង​បណ្តាល​ឲ្យ​មនុស្ស​មួយ​ចំនួន​បាន​ទទួលយក និង​ប្រើប្រាស់​ដោយ​ភ័ន្ត​ច្រឡំ នាំ​ឲ្យ​មាន​ផល​ប៉ះពាល់​ដល់​វប្បធម៌​ទំនៀមទម្លាប់​ប្រពៃណី​ជាតិ​ទៀត​ផង ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ចេញ​សេចក្តី​អំពាវនាវ​មួយ ស្នើ​ដល់​ប្រជាជន​កម្ពុជា ត្រូវ​ស្វែង​យល់​ឲ្យ​ស៊ីជម្រៅ​ចំពោះ​វប្បធម៌ ប្រពៃណី​ជាតិខ្មែរ ដែល​ជា​មរតក ដ៏​ថ្លៃថ្លា​របស់​ដូនតា​យើង ព្រមទាំង​ត្រូវ​សិក្សា​ស្វែង​យល់​ឲ្យ​គ្រប់​ជ្រុងជ្រោយ ពី​ខ្លឹមសារ និង​ឥទ្ធិពល​នៃ​វប្បធម៌ ទំនៀមទម្លាប់ ពី​ខាងក្រៅ ដើម្បី​បន្ស៊ី​ចូល​ទៅ​ក្នុង​ឥរិយាបថ​ចំណាស់​រាប់​ពាន់​ឆ្នាំ​មក​ហើយ​នៅ​ទ្វីបអាស៊ី​នេះ ។

សេចក្តី​អំពាវនាវ​របស់​ក្រសួង​វប្បធម៌​ពាក់ព័ន្ធ​នឹង​ទិវា​នៃ​ក្តី​ស្រលាញ់​បាន​បញ្ជាក់​ថា «​ទិវា​នៃ​ក្តី​ស្រលាញ់​នៅ​កម្ពុជា គួរ​ជា​ឱកាស​ក្នុង​ការ​ចែកចាយ និង​ធានា​នូវ​ក្តី​ស្រលាញ់​ប្រកបដោយ​ភាព​ទូលំទូលាយ និង​សន្តាន​ចិត្ត​ស្មោះសរ ចំពោះ​មនុស្ស​ដែល​នៅ​ជុំវិញ​ខ្លូ​ន » មាន​ជា​អាទិ៍​៖ ក្រុម​គ្រួសារ​, ឳ​ពុក​ម្តាយ​, ប្តី​/​ប្រពន្ធ​, កូនចៅ និង​ចំពោះ​អ្នក​ដែល​នៅ​ក្នុង​សង្គម​ជាមួយ​គ្នា ដូច​ជា
ជន​ពិការ​, កុមារ​កំព្រា និង​អ្នក​ដែល​ខ្សត់ខ្សោយ​ជាង​ខ្លួន … ជាដើម ក្រោម​រូបភាព ការ​ជួបជុំ​ពិ​ភា​គ្សា​គ្នា ឬ​ទទួលទាន​អាហារ​រួម​គ្នា ដោយ​ក្តី​សោមនស្ស​រីករាយ និង​ការ​យកចិត្តទុកដាក់​របស់​ខ្លួន​ចំពោះ​អ្នក​មានគុណ​, បុព្វការី​ជន ចំពោះ​មនុស្ស​ដែល​ខ្លួន​ស្រលាញ់ និង​ចំពោះ​សង្គម​ជាតិ ។

ពាក់ព័ន្ធ​នឹង​ការ​រៀបចំ​ទិវា​នៃ​ក្តី​ស្រលាញ់​នៅ​កម្ពុជា​កន្លង​មក គឺ​មាន​មតិ​ចំនួន ពីរ​ផ្ទុយ​គ្នា ដោយ​យុវវ័យ​មួយ​ចំនួន​មានការ​យល់​ខុស​លើ​ការ​ប្រតិបត្តិ ដោយ​ហៅ​ទិវា​នៃ​ក្តី​ស្រលាញ់​ថា​ជា​បុណ្យ​សង្សារ ធ្វើ​ឲ្យ​បុគ្គល​មួយ​ចំនួន​យក​លេស​ថា ១៤ កុ​ម្ភះ ជា​ពេលវេលា​សម្រាប់​សម្តែង​នូវ​ក្តី​ស្រលាញ់​រវាង​សង្សារ​និង​សង្សារ រហូត​ខ្លះ​បាន​ប្រើប្រាស់​ទិវា​នេះ ដើម្បី​បោក​បញ្ឆោត​ដៃគូ​ឲ្យ​ប្រគល់​ខ្លួន ដើម្បី​បញ្ជាក់​នូវ​ក្តី​ស្រលាញ់​ចំពោះ​ដៃគូ​ស្នេហា ។ ដោយសារ​តែ​មានការ​យល់​ច្រឡំ​នៃ​អត្ថន័យ​ពិត​នៃ​ទិវា​នៃ​ក្តី​ស្រលាញ់​នេះ ទើប​ធ្វើ​ឲ្យ​មាន​មតិ​មួយ​ចំនួន យល់​ថា​កម្ពុជា​មិន​គួរ​រៀបចំ​ទិវា​នៃ​ក្តី​ស្រលាញ់​នោះ​ទេ ។

តែ​សម្រាប់​ការ​ហ៊ា​ម​មិន​ឲ្យ​ប្រារព្ធ​ទិវា​នៃ​ក្តី​ស្រលាញ់​គឺ​អាច​ពិបាក ព្រោះ​នៅ​សម័យ​សកលភាវូបនីយកម្ម ពិត​ណាស់​ការ​យក​ប្រពៃណី ឬ​ទិវា​ណាមួយ​ដែល​បរទេស​រៀបចំ​ធ្វើ គឺ​មិន​អាច​បិទ ឬ​ហ៊ា​ម​ប្រាម​បាន​នោះ​ឡើយ ។

យ៉ាងណាមិញ នៅ​ក្នុង​សេចក្តី​អំពាវនាវ​របស់​ក្រសួង​វប្បធម៌​ចុះ​ថ្ងៃ​ទី ១១ ខែ​កុ​ម្ភះ​នេះ ក៏​មិន​បាន​ហាម​មិន​ឲ្យ​រៀបចំ​ទិវា​នៃ​ក្តី​ស្រលាញ់​ឡើង តែ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​បាន​អំពាវនាវ​ដល់​មាតា បិតា អាណាព្យាបាល សមត្ថកិច្ច​ពាក់ព័ន្ធ​គ្រប់​លំដាប់ថ្នាក់ ជា​ពិសេស​យុវជន សូម​ចូលរួម​ផ្សព្វផ្សាយ​, អប់រំ​, ពន្យល់​ណែនាំ​, ក្រើនរំលឹក​ដល់​បងប្អូន​, កូនចៅ ក្នុង​គោលបំណង​ប្រើប្រាស់​ទិវា​នេះ ឲ្យ​ស្រប​តាម​គន្លង​ប្រពៃណី​ដ៏​ត្រកាល​របស់​ខ្មែរ ដើម្បី​កិត្តិយស​និង​ភាព​ថ្លៃថ្នូរ​របស់​ខ្លួន របស់​គ្រួសារ ពិសេស ដើម្បី​រួមចំណែក​លើកកម្ពស់​កិត្យានុភាព​នៃ
សង្គម ។

ជាក់ស្តែង​មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម បាន​សហការ​ជាមួយ​ដៃគូ​ឯកជន​មួយ​ចំនួន ដោយ​ប្រើប្រាស់​ទិវា​នៃ​ក្តី​ស្រលាញ់ ១៤ កុ​ម្ភះ ទៅ​ជា​ថ្ងៃ​ចែកចាយ​នូវ​ក្តី​ស្រលាញ់​តាម​រយៈ​ការ​បរិច្ចាគ​ឈាម​របស់​លោក​អ្នក​ជួយ​ដល់​ជន​រង​គ្រោះ​ផ្សេង​ៗ​ដែល​ត្រូវការ​ឈាម​សម្រាប់​សង្គ្រោះ​ជីវិត ៕