នាង Lydia ក្រោយពីជាសះស្បើយពីកូវីដ-១៩ បានស្រែកច្រៀងទាំងទឹកភ្នែករហ៊ាម

437

ថៃ៖ កាលពីពេលថ្មីៗនេះតារាស្រីជួរមុខនៅថៃនាង Lydia Sarunrat Deane និងស្វាមីលោក Matthew បានធ្វើឲ្យអ្នកគាំទ្រនិងមហាជនមានការព្រួយបារម្ភយ៉ាងខ្លាំងដោយសារអ្នកទាំងពីរ បានឆ្លងជំងឺកូវីដ-១៩​ ហើយអ្នកទាំងពីរត្រូវ​បង្ខំចិត្តទុកកូនតូចឲ្យនៅជាមួយនឹងសាច់ញាតិដើម្បីទៅទទួលយកការព្យាបាល ។



ក្រោយទទួលបាននូវការព្យាបាលយ៉ាងយកចិត្តទុកដាក់ពីសំណាក់ក្រុមគ្រូពេទ្យរហូតជា សះស្បើយបានចាកចេញពីមន្ទីរពេទ្យ ស្រាប់តែនាង Lydia បានធ្វើឲ្យក្រុមគ្រូពេទ្យរំភើបនឹងកាយវិការរបស់នាងនិងស្វាមីដែលបានស្រែកច្រៀងទាំងទឹកភ្នែកបង្ហាញពីក្តីរំភើបចំពោះការយកចិត្តទុកដាក់របស់ក្រុមគ្រូពេទ្យជួរមុខដែលប្រថុយជីវិតមើលថែនិងព្យាបាលអ្នកទាំងពីររហូតបានជាសះស្បើយពីជំងឺនិងអាចត្រឡប់ទៅជុំជាមួយនឹងក្រុមគ្រួសារនិងកូនតិចវិញ ។



ជាក់ស្ដែង អ្នកទាំងពីរ ក្រោយពីបានជាសះស្បើយពីជំងឺវិញពួកគេបានបានសម្តែងនូវការដឹងគុណដល់ក្រុមគ្រូពេទ្យដែលចំណាយនូវទឹកចិត្ត ក្តីស្រលាញ់មើលថែរូបនាងនិងប្តី ហើយនាងបានចងក្រងនូវវីដេអូខ្លី ពេលនាងកំពុងសម្រាកនៅមន្ទីរពេទ្យ រហូតបានចេញពីមន្ទីរពេទ្យទាំងទឹកភ្នែករហាម ដែលជាទឹកភ្នែកនៃក្តីរំភើបចំពោះទឹកចិត្តស្រលាញ់និងការមើលថែរបស់ក្រុមគ្រូពេទ្យសម្រាប់រូបនាងនិងប្តី ។



តាមរយៈវីដេអូខ្លី ដែលនាងបង្ហោះត្រឹមតែ ២២ ម៉ោងបានទាក់ទាញអ្នកទស្សនាជាង ៨,២លានដង យើងអាចឃើញថានាង Lydia បួងសក់ឡើងលើនិងមានពាក់ម៉ាស់ផងនោះ បានច្រៀងចម្រៀងអរគុណដល់គ្រូពេទ្យអមដោយដំណក់ទឹកភ្នែកស្រក់ចុះ និងបានលើកដៃសំពះអរគុណដល់គ្រូពេទ្យ ជាពិសេសនៅពេលនាងបានទៅជួបកូនៗនៅផ្ទះ នាងនិងប្តីបានរត់ឱបកូនដោយក្តីនឹករលឹក ព្រមទាំងបង្ហាញដល់កូនៗឲ្យនិយាយអរគុណដល់ទឹកចិត្តគ្រូពេទ្យដែលបានជួយសង្រ្គោះជីវិតរបស់នាងនិងប្តីឲ្យចេញផុតពីមាត់ជ្រោះនៃជំងឺឆ្លងដែលបានឆក់យកជីវិតមនុស្សជាច្រើននៅប្រទេសថៃនិងជុំវិញពិភពលោក ។



នាង Lydia បានសរសេរសារអមនឹងវីដេអូថា «ពីក្រុមគ្រួសាររបស់យើងរហូតជូនដល់
វេជ្ជបណ្ឌិត គិលានុបដ្ឋាយិកានិងបុគ្គលិកពេទ្យទាំងអស់ថា ពាក្យ « អរគុណ » មិនគ្រប់គ្រាន់ទេ សម្រាប់ក្តីស្រលាញ់និងក្តីសន្ទោសរបស់ក្រុមគ្រូពេទ្យដែលបានជួយសង្រ្គោះ ជីវិតរបស់អ្នកនិងផ្តល់ឱកាសជាថ្មីដល់អ្នកដើម្បីចំណាយពេលជាមួយមនុស្សដែលអ្នកស្រឡាញ់» ៕