តើស្នេហាអាចជឿជាក់បានទេ ស្រលាញ់គ្នាជាង១៤ឆ្នាំនៅតែបែកគ្នា?

538

ថៃ៖ នៅពេលនិយាយដល់ពាក្យថា «ស្នេហា» ម្នាក់ៗគឺប្រាកដជាឲ្យនិយមន័យផ្សេងៗគ្នា ។ នៅពេលអ្នកទាំងពីរកំពុងតែផ្អែមល្អែមស្អិតរមួត នោះអ្នកនឹងយល់ថា «ស្នេហាគឺកក់ក្តៅនិងផ្អែមណាស់»​ តែសម្រាប់អ្នកដែលបែកបាក់ស្នេហា ដោយប្រការណាមួយនោះនឹងមានការយល់ខុសពីនេះ ។

ស្នេហាងាយស្រួលបង្កើតត្រឹមតែ១វិនាទី តែអ្វីដែលពិបាកបំផុតថាតើអ្នកនឹងថែរក្សាស្នេហារបស់អ្នកយ៉ាងណាឲ្យវាបានគង់វង្សនោះ ។ ប្រាកដណាស់ ពុំមានចម្លើយឡើយ ។ ថ្ងៃនេះគេអាចស្រលាញ់យើង តែថ្ងៃស្អែកគេអាចនឹងស្រលាញ់អ្នកថ្មី ដូច្នេះគ្មានអ្វីស្ថិតស្ថេរនោះទេ គឺមានតែខ្លួនយើងដែលត្រូវចេះស្រលាញ់ខ្លួនឯង ។

ជាក់ស្តែងតារាសម្តែតស្រីថៃល្បីឈ្មោះ នាង Taew Natapohn តួឯកស្រីនៅក្នុងរឿងភាគដ៏ល្បីល្បាញរបស់ថៃដែលមានចំណងជើងថា «Nakee» ត្រូវបានបណ្តាញផ្សព្វផ្សាយរបស់ថៃលើកឡើងថា នាងបានបែកបាក់ស្នេហាជាមួយមិត្តប្រុសដែលបានស្រលាញ់គ្នាជាង ១៤ ឆ្នាំមកហើយនោះ ។

តារាសម្តែងស្រស់ស្អាតនិងមានទេពកោសល្យនាង Taew Natapohn បានសារភាពថានាងពិតជាបានបែកបាក់ជាមួយមិត្តប្រុសឈ្មោះ Ton Arch អស់រយៈពេលជាងមួយខែមកហើយ ។ នេះបើយោងតាមបទសម្ភាសន៍ថ្មីរបស់នាងជាមួយកម្មវិធីទូរទស្សន៍ថៃប៉ុស្តិ៍លេខ ៣ ។

នាង Taew Natapohn និយាយថាឥឡូវនេះពួកគេបានក្លាយជាមិត្តភក្តិធម្មតា។ ចំពោះហេតុផលនៃការបែកបាក់នេះ តារាស្រីរូបនេះមិនបានបង្ហាញប្រាប់អ្នកសារព័ត៌មាននោះទេ។ នាងអះអាងថានាងមិនចង់និយាយអំពីវាទេទៀតហើយនោះគឺជាហេតុផលផ្ទាល់របស់ពួកគេ ។

សូមរម្លឹកថានាង Taew Natapohn និងលោក Ton Arch មានទំនាក់ទំនងជាមួយគ្នាអស់រយៈពេលជាង ១៤ ឆ្នាំមុនពេលពួកគេបែកបាក់គ្នា​៕
ប្រភព៖ thaiupdate