រូបថតរងរបួសរបស់ស្វែង សុជាតាផ្ញើជូនមិត្តភ័ក្រ្តគឺដោយសារហ្វេសប៊ុកត្រូវបានគេហែក

3030

រាជធានីភ្នំពេញ៖ រយៈជិតមួយសប្តាហ៍នេះមិត្តភ័ក្រ្តមួយចំនួនរបស់អ្នកនាងស្វែង សុជាតា បានទទួលរូបថតដែលអ្នកនាងរងរបួសជាំបែកមុខ ជាមួយនឹងសារជាអក្សរប្លែកៗថាអ្នកនាងនឹងមិនអាចរស់នៅយូរទេ ហើយបានអះអាងថាអ្នកនាងត្រូវគេវាយបាក់ដៃ បែកមុខជាដើមនោះ ត្រូវបានតារាសម្តែងរូបនេះប្រកាសឲ្យដឹងថានោះជារូបភាពចាស់ៗរាប់ឆ្នាំមកហើយ តែដោយសារតែហ្វេសប៊ុករបស់អ្នកនាងត្រូវគេហែក (Hack) ទើបមានសារចម្លែកៗផ្ញើទៅមិត្តភ័ក្រ្តដែលអ្នកនាងស្គាល់ ។

តារាសម្តែងស្រីដែលពោរពេញដោយសមត្ថភាពបានបង្ហោះសារជូនដំនឹងដល់អ្នកគាំទ្រយ៉ាងដូច្នេះថា «នាងខ្ញុំសូមជំរាបដល់បងប្អូនទាំងអស់ ជាពិសេសមិត្តក្នុងហ្វេសប៊ុក ទាំងអស់នាងខ្ញុំសុំផ្អាកលេងអខោននេះមួយរយៈ ដោយប៉ុន្មានខែមកហើយអខោនខ្ញុំត្រូវគេhack លួចយកទៅប្រើ ខ្ញុំទើបតែដឹង នឹងយករូបភាពព័ត៏មានខ្ញុំចាស់ៗយកទៅបង្ហោះដោយសសេររមិនមានការសន្ទនារជាសំលេងខ្ញុំទេ ។ ហើយបានផ្ញើរសារឆាតដល់មិត្តភក្តិខ្ញុំទៀត នឹងយករូបថតខ្ញុំក្នុងទូរសព្ទ័ ខ្ញុំយំពេលកូនឆ្កែខ្ញុំងាប់ ថ្ងៃចូលឆ្នាំទី១កូនខ្ញុំវាថតទុកហើយរូបច្រើនទៀត ទុកអោយសមត្ថកិច្ចទៅបង្ហោះទៀតដូចនេះចាំខ្ញុំធ្វើការដោះស្រាយរួចខ្ញុំនឹងប្រើវិញ ។ មនុស្សនេះហ៊ានឆ្លើយតបឆាតរបស់ខ្ញុំក្នុងការងារទៀតផង ដូចនេះសូមបងប្អូនកុំជឿរអោយសោះ ។ យ៉ាងណាមិញ អ្នកនាងបានផ្តាំផ្ញើសារថា បើបងប្អូនមានអ្វីឆ្ងល់សូមទំនាក់ទំនងទៅលេខទូរស័ព្ទរបស់អ្នកនាងផ្ទាល់» ។


ដោយក្តីបារម្ភមានអ្នកគាំទ្រតារាស្រីរួបនេះជាច្រើនបានក្រើនរម្លឹកដល់អ្នកនាងស្វែង​​ សុជាតា ឲ្យមានការប្រុងប្រយ័ត្ននឹងសុវត្ថិភាព ។

អ្នកគាំទ្រមួយរូបរបស់អ្នកនាងបានឲ្យដឹងថា ថ្មីៗនេះគាត់បានទទួលសារជារូបភាពនិងអក្សរពីអ្នកនាងស្វែង​ សុជាតា ដែលលើកឡើងថាអ្នកនាងអាចនឹងស្លាប់ទាំងក្មេងវ័យ ដែលសារនោះសរសេរជាភាសាអង់គ្លេស ជាពិសេសគឺខុសពីទម្លាប់របស់អ្នកនាងស្វែង សុជាតា ដែលជានិច្ចជាកាល តែងតែឆាតជាមួយមិត្តភ័ក្រ្ត ជាសារសម្លេង ។

អ្នកនាងសុវណ្ណ អ្នកគាំទ្រមួយរូបដែលទទួលបានសារចម្លែកពីគណនីហ្វេសប៊ុករបស់អ្នកនាងស្វែង សុជាតា បាននិយាយថា «ខ្ញុំឆ្ងល់និងពិតជាបារម្ភពីគាត់ពេលឃើញរូបថត និងសារជាអក្សរចម្លែកៗ ព្រោះខ្ញុំគាំទ្រគាត់ហើយខ្លាចគាត់ត្រូវគេធ្វើបាប» ។

សូមបញ្ជាក់ថាអ្នកនាងស្វែង សុជាតា ជាតារាសម្តែងចាស់វស្សាដែលពោរពេញដោយទេពកោសល្យក្នុងការសម្តែងទាំងភាពយន្តក្នុងស្រុក ក៏ដូចជាភាពយន្តហូលីដវូដ ជាដើម គឺអ្នកនាងមានដុងសម្តែងខ្ពស់មិនថានៅក្នុងចរិកតួអង្គជាអ្វីនោះទេ ។ យ៉ាងណាមិញទោះបីជាអ្នកនាងទទួលជោគជ័យនឹងអាជីពសិល្បៈ តែអ្នកនាងហាក់អភ័ព្វរឿងជីវិតគ្រួសារព្រោះធ្លាប់បែកបាក់ជាច្រើនដង រហូតអ្នកនាងបានកសាងជីវិតគ្រួសារនឹងស្វាមីក្មេងដែលជាអ្នកចេះផ្សំថ្នាំបុរាណនិងមានកូនៗជាមួយគ្នាផងដែរ ៕