ម៉េ​ង កែវ​ពេ​ជ្ជ​តា ​៖ ខ្ញុំ​ក៏​ប្តឹង​គេ​ដែរ តែ​ខ្ញុំ​មិន​​បង្ហោះ ខណៈ​នាង​ទៅ​កាន់​តុលា​ការ​ក្រុង​​ព្រឹក​មិ​ញ

34

រាជធានី​ភ្នំពេញ​៖ តារាចម្រៀង​ជួរ​មុខ​នៅ​កម្ពុជា​ដែល​បាន​ហែល​ឆ្លង​ជីវិត​លែង​លះ​ដ៏​ឈឺចាប់​កន្លង​មក​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​តុលាការក្រុង​ភ្នំពេញ ​នៅ​ព្រឹក​ថ្ងៃ​ទី ២៥ មិថុនា​នេះ អ្នក​នាង ម៉េ​ង កែវ​ពេ​ជ្ជ​តា បាន​ថ្លែងប្រាប់​អ្នកគាំទ្រ​ដែល​បាន​ទស្សនា​នូវ​ការ Live វី​ដេ​អូ​របស់​អ្នក​នាង ទោះបីជា​អ្នក​នាង​កំពុង​រុំ​ព័ទ្ធ​ដោយ​ពាក្យបណ្តឹង​ចំនួន ៣ ឬ ៤ បណ្តឹង​នៅ​តុលាការ​ក៏​ដោយ ក៏​អ្នក​នាង​មិន​មាន​ការ​ភ័យ​តក់ស្លុត​ដូច​អ្វី​ដែល​នាង​បាន​ជួ​ប​ប្រ​ទះ​​ក្តីក្តាំ​ង​នៅ​តុលាការ​កាលពី ១០ ឆ្នាំ​មុន គ្រា​ដែល​តារាចម្រៀង​ស្រី​រូប​នេះ​លែង​លះ​​ប្តី គឺ​លោក មួ​ង ឃី​ម មន្ត្រីជាន់ខ្ពស់​មួយ​រូប​នៅ​កម្ពុជា ។

ខ​ណៈ​​កំពុង​ឆ្លើយឆ្លង​ជាមួយនឹង​អ្នកគាំទ្រ លើ​បញ្ហា​មួយ​ដែល​ថា សំបូរ​ណាស់​មនុស្ស​ស្គាល់​តែ​មុខ តែ​មិន​ស្គាល់ចិត្ត ស្រាប់តែ​មាន​អ្នកលេង​ហ្វេ​ស​ប៊ុ​ក​ម្នាក់​ដែល​អ្នក​នាង ម៉េ​ង កែវ​ពេ​ជ្ជ​តា ហៅ​ឈ្មោះ​ថា «​ទី​សេង ទី​សេង​» ដោយ​អ្នក​នាង​និយាយ​ថា អ្នក​នាង​មិន​ប្លុក​បុគ្គល​នេះ «​អ្នកឯង​គិត​ថា អ្នកឯង​ធ្វើ​អី​ស្រេច​ចិត្ត និយាយ​អី​ស្រេច​តែ​ចិត្ត​ទេ​ណា ។ ខ្ញុំ​អត់​ប្លុក ឲ្យ​ចេះ​គិត​ផង កុំ​ឲ្យ​ខ្ញុំ​ប្រើ​ម្រាម​ដៃ​ខ្ញុំ​ប្លុក​អ្នកឯង ដូច​រុល​ក្បាល​អ្នកឯង​ចេញ ។ សប្បាយចិត្ត​អី​ឃើញ​អ៊ីចឹង ។

អ្នក​នាង​ម៉េ​ង កែវ​ពេ​ជ្ជ​តា ​បាន​និយាយ​ថា « អ្នក​គេ​ប្តឹង​មិន​ប្រាកដ​ថា​អាក្រក់​ទេ មែន​ទេ ? ហើយ​អ្នក​ប្តឹង​គេ ក៏​មិន​ប្រាកដ​ថា​ត្រូវ​ទាំងអស់​ដែរ ។ ក៏​មាន​ចំណុច​ល្អ ចំណុច​ខុស​ដែរ ស៊ីសង​លើ​ការ​វិនិច្ឆ័យ​របស់​តុលាការ ។ អ្នកឯង​អត់​មាន​មក​ប្រើ​ពាក្យ និ​ន្នា ឈ្នានីស គេ​អ៊ីចឹង​ទេ​» ។ អ្នក​នាង​បាន​ផ្ញើ​សារ​ទៅ​អ្នកលេង​ហ្វេ​ស​ប៊ុ​ក​រូប​នេះ​ដែល​ប្រើប្រាស់​គណនី​ក្លែងក្លាយ​ថា «​កុំ​ហួសហេតុ​ណា អ្នកឯង​គិត​ថា​និយាយ​ហ្នឹង​រំលោភ​សិទ្ធិ ទឹកចិត្ត​គេ​បាន​ស្រេច​ចិត្ត គេ​អត់​ស្គាល់ គេ​អត់​ឃើញ ដូច​បងប្អូន​បានឃើញ​ហើយ គេ​មក​រំលោភ​បំពាន​លើ​ខ្ញុំ​មុន ឬ​ខ្ញុំ​រំលោភ​បំពាន​លើ​គេ​មុន ។ រាល់​ការ​Live របស់​មនុស្ស​ខ្លះ អ្នក​នាង​មិន​ចូល​មើល ចង់​ដឹង​ចង់​លឺ​អ្វី​នោះ​ទេ​» ។

ទន្ទឹម​នឹង​នោះ អ្នក​នាង​ម៉េ​ង កែវ​ពេ​ជ្ជ​តា ដែល​ក្រោយ​ពី​លែង​លះ​​បាន​ដើរតួ​នាទី​ជា​ម្តាយ​ផង ជា​ឪពុក​ផង​ ចិញ្ចឹម​បីបាច់​កូន​ៗ​ពីរ​នាក់​ឲ្យ​ធំធាត់​មាន​កិត្តិយស​ក្នុង​សង្គម​សិល្បៈ​ថ្នាក់​ជាតិ ​និង​អន្តរ​ជាតិ​ក៏​បាន​ឲ្យ​ដឹង​ថា អ្នក​នាង​ក៏​ប្តឹង​គេ​ដែរ តែ​អ្នក​នាង​មិន​ដែល​បង្ហោះ​លើ​បណ្តាញ​សង្គម តែ​ប៉ុណ្ណោះ ។

អ្នក​នាង ម៉េ​ង កែវ​ពេ​ជ្ជ​តា បាន​បញ្ជាក់​ថា «​ហ៊ឹស​! ខ្ញុំ​ក៏​ប្តឹង​គេ​ដែរ​។ មានរឿង​ប្តឹង​គេ​ដូច​តែ​គ្នា​ហ្នឹង តែ​ខ្ញុំ​មិន​ឈូរ​ឆរ​បង្ហោះ បង្ហើរ​អី​ទេ ។ ប្តឹង​ហើយ​ក៏​ប្តឹង​ទៅ ។ បើ​ថា​ប្តឹង​ដើម្បី​បង្ហោះ ប​ង្អូ​ត​ប្រាប់​គេ តើ​ប្តឹង​ធ្វើ​អី ? យើង​ប្តឹង​ដើម្បី​រក​យុត្តិធម៌ មិនមែន​ប្តឹង​ដើម្បី​បំបាក់ កាច់​បំបាក់​គេ​ទេ ។ មនុស្ស​អត់​ចិត្ត មនុស្ស​អត់​បេះដូង អត់​ខួរក្បាល​អ​ញ្ចឹ​ង ដូច​អ្នកឯង​អ៊ីចឹង គ្មាន​ថ្ងៃ​រុងរឿង គ្មាន​ថ្ងៃ​រីក​ចម្រើន​ទេ ។ នៅ​ស្រុក​ណា​ក៏​មានរឿង​ប្តឹង​ដែរ សំណាង​ហើយ យើង​ចូល​តាម​ច្បាប់​នោះ មិន​រត់​លួ​ន​ដូច​អ្នកឯង ។ អ្នកឯង​ជា​មនុស្ស​ខុសច្បាប់ ប្រើ​គណនី​ក្លែងក្លាយ​ថា​ឲ្យ​គេ​» ។

អ្នក​នាង​បាន​បន្ត​ថា «​ថ្ងៃនេះ​ខ្ញុំ​កំពុង​ធ្វើ​ដំណើរ​ទៅ​តុលាការក្រុង​ភ្នំពេញ ដើម្បី​ផ្តល់​ការ គេ​ហៅ​អី​គេ​នែ ។ នេះ​គឺជា​ថ្ងៃ​ដែល​ខ្ញុំ​រង់ចាំ អស់​រយៈពេល ១០​ឆ្នាំ​ហើយ​បងប្អូន ។ ខ្ញុំ​រង់ចាំ​ថ្ងៃនេះ រង់ចាំ​មានឱកាស ខ្ញុំ​នឹង​បាន​ជម្រាប​អោយ សេចក្តី អំពី​ធាតុ​ពិត ការ​ពិត រឿង​ពីក្រោយ​នៃ​សម្លេង​ឈ្លោះ ជេរ​គ្នា ដែល​មាន​តែ​សម្លេង​ខ្ញុំ​លឺ ជាងគេ ហើយនឹង​ការ​មួលបង្កាច់​កិត្តិយស​ខ្ញុំ​ផ្សេង​ៗ ។ ខ្ញុំ​រង់ចាំ​យូរហើយ អ៊ីចឹង ខ្ញុំ​មាន​អារម្មណ៍​ថា​ខ្ញុំ​រំភើប​ណាស់ ខ្ញុំ​សប្បាយចិត្ត ខ្ញុំ​អត់​ភ័យ អត់​ព្រួយ​អី​ទាំងអស់។

ខ្ញុំ​សប្បាយចិត្ត ខ្ញុំ​សង្ឃឹមថា​តុលាការ នឹង​ស្តាប់​ការ​បកស្រាយ របស់ខ្ញុំ ។ ក្នុង​នាម​ជា​មនុស្ស​ស្រី​ម្នាក់ ធ្វើ​ជា​ម្តាយ​គេ​ក្នុង​អាយុ ២៧ ឆ្នាំ ម្តាយកូន​ពីរ ។ តែ​ខ្ញុំ​មាន​ទំនួល​ខុស​ត្រូវ​ជាង​មនុស្ស​ប្រុស​មួយ​ចំនួន ជា​ពិសេស​មនុស្ស​ប្រុស​ជា​ឪពុក ។ ខ្ញុំ​មាន​ទំនួល​ខុស​ត្រូវ ។ ខ្ញុំ​ដឹង​ថា​ការ​លែង (​លះ​) គ្នា​ខ្ញុំ អត់​បាន​អី​ទេ ព្រោះ​គេ​ប្រាប់​ហើយ «​នាង​ឯង​លែង លែង​ទៅ តែ​អត់​មាន​អោយ​អី​ទេ » ខ្ញុំ​ក៏​សួរ​ថា «why» (​ហេតុ​អី​) ដំបូង​ក៏​ខ្ញុំ​តតាំង​ដែរ ខ្ញុំ​សួរ​ថា​ហេតុ​អី ? ក្រែង​វា​ជា​ញើស​ឈាម​អី ជា​ញើស​ឈាម​ខ្ញុំ ហើយ​វា​សល់​ពី​ទ្រព្យ​ចាស់​របស់ខ្ញុំ ផ្ទះ​ខ្ញុំ​នៅ​ទួល​ទំពូង ប៉ុន្តែ​គេ​ថា​មិន​អោយ ។

ខ្ញុំ​តតាំង​អស់ចិត្ត​ដែរ ទម្រាំ​ដល់​ថ្ងៃមួយ យល់​ថា​យើង​ទៅ​មុខ​អត់​រួច​ទេ​មាន​តែ​យក​កូន ។ បន្ទាប់​ពី​យក​កូន​២​មក​តាម​ខ្លួន ដូច​បងប្អូន​បានឃើញ​ស្រាប់​ហើយ រូប​ខ្ញុំ​បង្ហាញ ខ្ញុំ​ថត​ពេល​ឥ​វ៉ា​ន់​ទម្លាក់​ចុះ​ពី​ឡាន ខ្ញុំ​កំពុង​គិត​អី កំពុង​មាន​អារម្មណ៍​យ៉ាងណា ។ សោកស្តាយ​អត់​មាន​រូបភាព ផ្ទះ​នៅ​ស្ទឹង​មាន​ជ័យ​ជា​វីឡា ដែល​ខ្ញុំ​បាន​រួម សាងសង់ រួមចំណែក​សាងសង់​ធំ​ដែរ ។ ឈ្លោះ​គ្នា​ដែល​គេ​ថត​សម្លេង​ខ្ញុំ គេ​កំទេច​ទូរស័ព្ទ​ខ្ញុំ ៣ គ្រឿង​ម៉ត់ ពេល​នោះ​បាត់បង់​ស្មារតី និង​តក់ស្លុត អត់​បាន​យក​មី​ម៉ូ​រី ។ ផ្ទះ​នៅ​ស្ទឹង​មាន​ជ័យ រួមចំណែក​ញើស​ឈាម​សង់ ត្រូវ​គេ​ដេញ​ចេញ ត្រូវ​គេ​ប្លន់​យក​ហ្នឹង​»។

អ្នក​នាង​បាន​បញ្ជាក់​ថា ក្រោយ​ការ​លែង​លះ​ គឺ​អ្នក​នាង​បាន​តស៊ូ​គ្រប់​បែប​យ៉ាង តាំងចិត្ត​យ៉ាង​មុតមាំ​ថា ​ត្រូវ​តែ​ធ្វើ​គ្រប់យ៉ាង​ឥ្យ​តែ​កូន​រស់ ហើយ​ប្តេជ្ញា​ថា​មើល​កូន​ឲ្យ​បាន​ល្អ មិន​ឲ្យ​កូន​ក្លាយជា​ក្មេង​ទំនើង ឬ​ក្មេង​ពាក់ព័ន្ធ​គ្រឿងញៀន​ទេ ។

អ្នក​នាង​បាន​បន្ត​ថា «​ត្បិត​តែ​ពេល​នេះ​មាន​បណ្តឹង ៣ ឬ ៤​ក៏​ពិតមែន តែ​អារម្មណ៍​ខ្ញុំ​មិន​ពិបាក​ស្មុគ​ស្មាញ​ដូច​កាលពី ១០ ឆ្នាំ​មុន​ទេ​បងប្អូន ។ កាលពី​១០​ឆ្នាំ​មុន ខ្ញុំ​អស់​អា​លីង សូ​ម្បី​តែ​មនុស្ស​ដែល​នៅ​ក្បែរ​ក៏​គេ ដើរ​ចេញ​ដែរ ព្រោះ​ខ្ញុំ​ក្រ គេ​ខ្លាច​ខ្ញុំ​ខ្ចី​លុយ​ពី​គេ ។ គេ​ខ្លាច​ខ្ញុំ​សុំ​គេ អ៊ីចឹង​អ្នក​ដែល​ខ្វះ​ទឹកចិត្ត គឺ​គេ​រត់​អស់ហើយ ។ ហើយ​ពេល​នុង ខ្ញុំ​ក៏​មិន​ហ៊ាន​ទៅ​រក​អ្នក​ណា​ដែរ » ។

សូម​រម្លឹក​ថា អ្នក​នាង ម៉េ​វ កែវ​ពេ​ជ្ជា​តា បច្ចុប្បន្ន​កំពុង​រង​ការ​ចោទប្រកាន់​ដោយ​បណ្តឹង​ប្តឹង​ដោយ​ជំទាវ​យ៉ាង​ហោច​ណាស់ ៣ រូប រួម​មាន​៖

១- បណ្តឹង​របស់ ជំទាវ រស់ សោ​ភ័​ណ្ឌ ភរិយា​បច្ចុប្បន្ន​របស់​លោក មួ​ង ឃី​ម ប្តឹង​ម៉េ​ង កែវ​ពេ​ជ្ជ​តា ពី​បទ «​បរិហារកេរ្តិ៍​ជា​សាធារណៈ​» និង​ទាមទារ​សំណង​ជំងឺ​ចិត្ត​ត្រឹមតែ ១០០ រៀល តែ​ស្នើ​នាង​ម៉េ​ង កែវ​ពេ​ជ្ជ​តា ធ្វើការ «​សុំ​ទោស​ជា​សាធារណៈ​» ដែល​ពាក្យបណ្តឹង​បាន​ដាក់​ចូល​តុលាការ​រាជធានី​ភ្នំពេញ នា​ថ្ងៃ​ទី ២៨ ឧសភា ឆ្នាំ​២០២០ ។

២- បណ្តឹង​របស់​ជំទាវ ហង្ស បូ​រី ប្តឹង​អ្នក​នាង​ម៉េ​ង កែវ​ពេ​ជ្ជ​តា និង​គូកន ពី​បទ «​បរិហារកេរ្តិ៍​ជា​សាធារណៈ​» ដាក់​ចូល​តុលាការ​កាលពី​ថ្ងៃ​ទី ១៥ មិថុនា ឆ្នាំ​២០២០ ។

៣- បណ្តឹង​របស់​លោក​ជំទាវ ហ៊ុន ស៊ី​ណាត ប្អូនស្រី​បង្កើត​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា ប្តឹង​ចោទ​តារាចម្រៀង​រូប​នេះ​ពី​បទ «​បរិហារកេរ្តិ៍​ជា​សាធារណៈ​» និង​បទ «​ញុះញង់​អោយ​មានការ​រើសអើង​» ដាក់​ចូល​តុលាការ​កាលពី​ថ្ងៃ​ទី ១៦ ខែមិថុនា និង​បាន​សំណូមពរ​អោយ​តុលាការ ផ្តន្ទាទោស​តារាចម្រៀង ម៉េ​ង កែវ​ពេ​ជ្ជ​តា និង​បក្ខពួក​ទៅ​តាម​ច្បាប់ និង​សុំ​ទាមទារ​សំណង​​ជំងឺ​ចិត្ត​តាម​ច្បាប់​កំណត់ ៕ (កែ​សម្រួលដោយ ៖ បុប្ផា)