ឱ​ក សុគន្ធ​កញ្ញា ​លាតត្រដាង​ជីវិត​បែក​បាក់​​ឪពុក​ទាំង​ទឹកភ្នែក​ហូរ​ស្រក់​នៅ​លើ​ឆាក

11

រាជធានី​ភ្នំពេញ ​៖ ថ្មី​ៗ​នេះ​តារាចម្រៀង​ឈានមុខ​គេ​នៅ​កម្ពុជា ឱ​ក សុគន្ធ​កញ្ញា ដែល​កំពុង​ពើប​ប្រទះ​នូវ​រឿងរ៉ាវ​មិនល្អ​មួយ​ជុំវិញ​បុរស​មួយ​រូប​ដែល​ថា​ លោក​គឺជា​ឪពុក​របស់​តារាចម្រៀង​ស្រី​រូប​នេះ​ថា ​ភ្លេច​ឪពុក​និង​ចាត់​ទុក​ឪពុក​ដូច​អ្នក​ក្រៅ តែ​តារាចម្រៀង​ស្រី​រូប​នេះ​មិន​បាន​ធ្វើការ​តបត​អ្វី​ឡើយ ។

យ៉ាងណាមិញ ឱ​ក សុគន្ធ​កញ្ញា ធ្លាប់​បាន​លាតត្រដាង​នូវ​ការ​ឈឺចាប់​ដែល​មានជីវិត​គ្រួសារ​បែក​បាក់​ និង​ឧបសគ្គ​រាប់​លាន​ជំពូក​ក្នុង​ឆាកជីវិត​ជា​ក្មេង​ស្រី​ខំ​រក​លុយ​ដើម្បី​ផ្គត់ផ្គង់​ការ​សិក្សា​ផង និង​ទំនុកបម្រុង​ម្តាយ ​និង​ប្អូន​ៗ​ផង​នោះ ។

នៅ​លើ​វេទិកា​ប្រគំត​ន្ត្រី​មួយ​មុន​នាង​រៀប​ការ​ជាមួយនឹង​ប្អូនប្រុស​ថៅកែ​ក្រុមហ៊ុន​ហង្ស​មាស​នោះ គឺ​តារាចម្រៀង​រូប​នេះ​ធ្លាប់​បាន​លើក​ឡើង​យ៉ាង​ច្បាស់​ៗ​អំពី​បញ្ហា ​និង​ឧបសគ្គ​ដែល​នាង​បាន​ជួប ហើយ​នាង​ជឿ​ថា​ មនុស្ស​ម្នាក់​ៗ​ក្នុង​ឆាកជីវិត​គឺ​ជួប​ឧបសគ្គ​ផ្សេង​ៗ​គ្នា ប៉ុន្តែ​សំខាន់​ថា​ តើ​ឧបសគ្គ​នោះ​វា​ទំហំ​ប៉ុណ្ណា ហើយនឹង​របៀប​ណា​ផ្សេង​ៗ​គ្នា ។

ឱ​ក សុគន្ធ​កញ្ញា ដៃ​ម្ខាង​កាន់​ក្បាល​មេក្រូ និង​ដៃ​ឆ្វេង​កាន់​ក្រដាស​ផង​នោះ​បាន​ពោល​ទាំង​អួល​ដើម.កថា «​ប៉ុន្តែ​នៅ​ក្នុង​ឆាកជីវិត​របស់ខ្ញុំ រឿង​ដែល​បរាជ័យ​ទី​១ គឺ​ខ្ញុំ​បែកបាក់​គ្រួសារ »​។ ដល់​ត្រង់​ចំណុច​នេះ អ្នក​នាង​ ឱ​ក សុគន្ធ​កញ្ញា បាន​យក​ក្រដាស​ជូន​ទឹកភ្នែក​ដែល​កំពុង​ហូរ​ស្រក់​ចុះ​កាត់​ផែន​ថ្ពាល់ រួច​នាង​បាន​បន្ត​ទៀត​ថា «​ខ្ញុំ​បែកបាក់​ក្រុម​គ្រួសារ តាំងពី​នៅ​ក្មេង ខ្ញុំ​ត្រូវ​តស៊ូ​រៀន។ រៀន​ផង ត្រូវ​មើល​ប្អូន​ផង ហើយ​យើង​ជា​ស្រី ត្រូវ​ពុះពារ​រស់នៅ​ដោយ​អាណាព្យាបាល​នៅ​ឆ្ងាយ»។

ឱ​ក សុគន្ធ​កញ្ញា បាន​ពោល​បន្ត​ទាំង​រង្វង់​ភ្នែក​កំពុង​ដែល​ពោរពេញ​ដោយ​ទឹកភ្នែក​ប្រុង​តែ​នឹង​ស្រក់​​ចុះ​នោះ​បន្ត​ថា «​នៅ​ពេល​ដែល​ឪពុក​ខ្ញុំ​ចាកចេញ ខ្ញុំ​មាន​តែ​ម្តាយ ហើយ​គាត់​ត្រូវ​ចិញ្ចឹម​គ្រួសារ​​ទាំងមូល ។ នៅ​ពេល​នោះ​ខ្ញុំ តែងតែ​និយាយ​ប្រាប់​គាត់​ថា ខ្ញុំ​នឹង​រឹងប៉ឹង ហើយ​ខ្ញុំ​នឹង​ជួយ​គ្រួសារ​មួយ​នេះ » ដល់​ចំណុច​នេះ​តារាចម្រៀង​ស្រី​រូប​នេះ​ហាក់​ទប់​អារម្មណ៍​ក្តុកក្តួល​លែង​បាន ក៏​បង្អាក់​វាចារ​ប្រឹង​ញញឹម​ទាំង​ទឹកភ្នែក​ទៅ​កាន់​អ្នកគាំទ្រ និង​ខំ​ជូន​ទឹកភ្នែក​បណ្តើរ ហើយ​ក៏​ពោល​បន្ថែម​ទៀត​ថា «​ដោយ​មិនបាច់​ពឹងពាក់​កម្លាំង​មនុស្ស​​ប្រុស​ទេ ហើយ​កូនស្រី​ម្នាក់​នេះ​នឹង​ធ្វើ​ជា​មនុស្ស​ធំ​ម្នាក់ ។ ហើយ​ពេល​នោះ ខ្ញុំ​តែងតែ​គិត​ថា លុយ​ប្រហែលជា​សំខាន់ អ៊ីចឹង​ខ្ញុំ​ក៏​ប្រាប់​គាត់​ថា ខ្ញុំ​នឹង​រក​លុយ​ចិញ្ចឹម​គ្រួសារ​មួយ​នេះ​ដោយ​កិតិ្ត​យស​ជូន​គ្រួសារ​របស់ខ្ញុំ​» ។

នាង​បាន​បន្ថែម​ថា «​គ្រប់​គ្នា​ថា ការ​ស្វែងរក​លុយ ឬ​ក៏​ជួយ​រក​ការងារ​ស្វែងរក​លុយ​ជួយ​គ្រួសារ​ច្រើន​មុខ ។ «​ហើយ​មាន​ពេល​ខ្លះ គេ​តែងតែ​ម៉ាក់​ងាយ​ទៅ​លើ ហ៊ឹម អាជីព ម៉ាក់​ងាយ​ទៅ​លើ​មនុស្ស​ស្រី​ធ្វើ​អ្វី​មិនកើត ។ ពាក្យ​សម្តី​ខ្លះ​ទេ ហើយ​មាន​ខ្លះ​គេ​តែងតែ​និយាយ​ថា ទៅ​ធ្វើការ ឬ​រកស៊ី​នៅ​ផ្លូវ​កាត់​ទើប​យើង​ទទួល​បាន​លទ្ធផល ។ «​ប៉ុន្តែ​ខ្ញុំ​តាំងចិត្ត​ថា ខ្ញុំ​នឹង​ឆ្លងកាត់​ឧបសគ្គ ហើយ​ខ្ញុំ​នឹង​ជ​ម្នះ​រាល់​ឧបសគ្គ ពាក្យ​សម្តី​ទាំងអស់ ដោយ​ម្តាយ​របស់ខ្ញុំ​គាត់​ផ្តាំ​ថា លុយ​សំខាន់ ក៏​ប៉ុន្តែ​លុយ​មិន​អាច​ទិញ​ក​ត្តិ​យស​បាន​នោះ​ទេ ។ ត្រូវ​យក​កិត្តិយស​នាំមុខ​គេ ហើយ​ស្វែងរក​លុយ​ដោយ​ភាព​ថ្លៃថ្នូរ​» ។

តារាចម្រៀង​ស្រី​ដែល​ជីវិត​បច្ចុប្បន្ន​ពោរពេញ​ដោយ​ភាព​ជោគជ័យ​និង​សុភមង្គល​ក្នុង​គ្រួ​សារបាន​បន្ថែម​ថា ពាក្យ​ទាំងនេះ​នឹង​ក្លាយទៅជា​ពាក្យស្លោក សម្រាប់​ជីវិត​របស់​នាង ។

នាង​បាន​បន្ត​ទាំង​មាន​ទឹកភ្នែក​ក្នុង​រង្វង់​កែវភ្នែក​ថា «​ដូច្នេះ​រឿងរ៉ាវ​កើតឡើង​បន្តបន្ទាប់ សុទ្ធតែ​ជា​ឧស​ប​គ្គ ប៉ុន្តែ​ខ្ញុំ​បាន​ឆ្លង​ទាំង​ទឹកភ្នែក ទាំង​សប្បាយ​រីករាយ ទាំង​ការ​តស៊ូ ទាំង​ពេល​ខ្លះ និយាយ​ក៏​គេ​អត់​ជឿ ។ ប៉ុន្តែ​សំខាន់ គឺ​យើង​បាន​ធ្វើ ហើយ​យើង​បាន​ទទួល​នូវ លទ្ធផល​ល្អ ហើយ​យើង​បាន​ធ្វើ​ឲ្យ​ក្រុម​គ្រួសារ​មួយ​នេះ​មាន​ជំហរ​រឹង​មាំ ហើយ​ទទួល​បាន​នូវ​កិត្តិយស » ។

សូម​រម្លឹក​ថា ស​ប្តា​ហ៍​មុន​មាន​បុរស​ម្នាក់​អះអាង​ថា​ ជា​បុរស​របស់​តារាចម្រៀង​ជួរ​មុខ​នៅ​កម្ពុជា ដែល​មាន​ប្រជាប្រិយ​ខ្លាំង​នៅ​ក្នុង​ស្រទាប់​យុវវ័យ អ្នក​នាង ឱ​ក សុគន្ធ​កញ្ញា បាន​ធ្វើ​អោយ​មហា​ជន​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ទៅ​លើ​ជីវិត​គ្រួសារ ក្រោយ​ពី​លោកឪពុក​របស់​នាង​បាន​បង្ហោះ​សារ​ទៅ​លើ​រឿងរ៉ាវ​ការ​មិន​ទទួលស្គាល់​ឪពុក​។

នៅ​ជុំវិញ​រឿងរ៉ាវ​កើតឡើង​ទាំងនោះ បាន​ធ្វើ​អោយ​មហាជន​ដែល​តែងតែ​គាំទ្រ​តារាចម្រៀង​ស្រី​រូប​នេះ មាន​ប្រត្តិកម្ម​យ៉ាង​ខ្លាំង និង​ខឹងសម្បា​ទៅ​លើ​ឪពុក​របស់​អ្នក​នាង​ឱ​ក សុគន្ធ​កញ្ញា និង​បាន​ចូល​ខម​នូវ​ពាក្យពេចន៍​មិន​សមរម្យ​មួយ​ចំនួន​ថា «​ហេតុ​អ្វី​ទើបតែ​និយាយ​ប្រយោគ​នេះ រយៈពេល​ជាង​៣០​ឆ្នាំ តើ​អ្នក​នៅឯណា​?​ បើ​ស្រលាញ់​កូន​មែន ​កុំ​បំផ្លាញ​ដោយ​ប្រើ​វិធី​នេះ​។ ពេល​នេះ​គាត់​បាន​ជោគជ័យ​ហើយ កុំ​ឲ្យ​ជីវិត​គាត់ ដូច​កាលពីមុន​អី ខ្ញុំ​ជឿ​ថា​គាត់​ចង់​បំភ្លេច​អតីតកាល​ចោល ហើយ​រស់នៅ​ក្នុង​ពេល​បច្ចុប្បន្ន​»។

យ៉ាងណាមិញ ក៏​មាន​ប្រិ​យ​មិត្ត​មួយ​ចំនួន​បាន​លើក​ឡើង​ពី​សាច់ឈាម​របស់​ឪពុក​កូន ដែល​មិន​អាច​កាត់​ផ្តាច់​បាន និង​បាន​លើក​ឡើង​ថា​ «ឈាម​វា​ខាប់​ជាង​ទឹក ឪពុក​កូនកាត់​មិន​ដាច់​ទេ ពាក្យ​ថា​ឪពុក ទោះ​គាត់​ខុស​យ៉ាងណា​ក៏​យើង​កើត​ចេញពី​ឈាម​គាត់​ដែរ សុខចិត្ដ​ធ្វើ​ចាញ់​ជាមួយ​ឪពុក​ក៏​អត់​ខុស​អត់​អន់​ដែរ អ្វី​ដែល​អាច​ជួយ​គាត់​បាន​ជួយ​ទៅ ត្រឹមតែ​មួយ​ពោះ​វា​មិន​អស់​ទេ ខ្ញុំ​ក៏​មិន​ដឹង​សាច់​រឿង​ក្នុង​គ្រួសារ​គេ​ពី​មុន​យ៉ាងណា​ដូច​គ្នា​»​។

ទោះបីជា​យ៉ាងណា​ក្តី រឿងរ៉ាវ​ប្រវត្តិ​ជិ​វិត​គ្រួសារ​របស់​អ្នក​នាង ឱ​ក សុគន្ធ​កញ្ញា បាន​ធ្វើ​អោយ​មហា​ជន​មាន​ទស្សនៈ​២​ផ្សេង​គ្នា ទៅ​លើ​ការ​មិន​ទទួលស្គាល់​ឪពុក ពីព្រោះ​វា​ជា​ជី​វិត​ពិត​មួយ ដែល​មហាជន​មួយ​ចំនួន​ក៏​ធ្លាប់​ជួប​ប្រទេះ និង​មួយ​ចំនួន​ទៀត​មិន​បាន​ជួប​នៅ​ក្នុង​ជិ​វិត​ពិត​។

គួរ​បញ្ជា​ក់​ផង​ដែរ​ថា មក​ទល់​ពេល​នេះ អ្នក​នាង​ឱ​ក សុគន្ធ​កញ្ញា មិន​ទាន់​មាន​ប្រត្តិកម្ម និង​បក​ស្រាយ​ពាក្យពេចន៍​មួយ​ចំនួន​នៅ​ជុំវិញ​រឿងរ៉ាវ​ទាំងនេះ​ទេ ក្រៅពី​មាន​អ្នកគាំទ្រ​មួយ​ចំនួន​បានការ​ពារ និង​លើក​ឡើង​នៅ​គំនិត​ផ្សេង​ៗ​គ្នា ៕ (កែ​សម្រួលដោយ ៖ បុប្ផា)