ក្រសួង​វប្បធម៌ ស្វែងរក​ការ​បំភ្លឺ​ពី​ម្ចាស់​ផលិតកម្ម​មួយ​បង្ហាញ​គម្រោង​ថត​រឿង​គ្មាន​ច្បាប់​អនុញ្ញាត

7

រាជធានី​ភ្នំពេញ ៖ ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ តាម​រយៈ​នាយកដ្ឋាន​ភាពយន្ត បាន​និង​កំពុង​ស្វែងរក​ការ​ស្រាយ​បំភ្លឺ​ពី​ម្ចាស់​ផលិតកម្ម​មួយ ពាក់ព័ន្ធ​ទៅ​នឹង​គម្រោង​ថត​ភាពយន្ត​ខ្នាត​ធំ​មួយ​បែប​ប្រវត្តិសាស្ត្រ ដែល​ក្រសួង​បាន​ចាត់​ទុក​ថា ផលិតកម្ម​មួយ​នេះ ពុំ​បាន​ឆ្លងកាត់​ច្បាប់​អនុញ្ញាត​ពី​ក្រសួង​នៅឡើយ​ទេ​។

ប្រធាន​នាយកដ្ឋាន​ភាពយន្ត​នៃ​ក្រសួង​វប្បធម៌ លោក ប៉ុក បូ​រក្ស បាន​អះអាង​ប្រាប់​កោះសន្តិភាព​តាម​សារ​អេ​ឡិច​ត្រូ​និ​ច កាលពី​ថ្ងៃ​ទី​២៩ ខែមិថុនា ឆ្នាំ​២០២០ នេះ​ថា ដោយសារ​លោក​បាន​ឃើញ​ពី​ចុះ​ផ្សាយ​នូវ​គម្រោង​ថត​ភាពយន្ត​មួយ​នេះ តាម​បណ្តាញសារព័ត៌មាន​នៅ​ក្នុងស្រុក​មួយ ទើប​ធ្វើ​ឲ្យ​លោក​ហាក់​មានការ​ងឿងឆ្ងល់ ខណៈ​ពេល​ដែល​គម្រោង និង​ឯកសារ​ពាក់ព័ន្ធ​ពី​ការ​ផលិត​នេះ​នៅ​មិន​ទាន់​ឆ្លងកាត់​នាយកដ្ឋាន​របស់​លោក​ឡើយ​។

លោក​បញ្ជាក់​ថា ជា​ធម្មតា​រាល់​ការ​ផលិត​រឿង​ខ្នាត​ណាមួយ គឺ​ត្រូវ​បាន​ឯកសារ​គ្រប់គ្រាន់​មក​កាន់​នាយកដ្ឋាន​របស់​លោក ប៉ុន្តែ​សម្រាប់​ផលិត DL ដែល​ផ្សព្វផ្សាយ​គម្រោង​ថត​ភាពយន្ត​ខ្នាត​ធំ​បែប​ប្រវត្តិសាស្ត្រ​មួយ​នេះ គឺ​ពុំ​ទាន់​មានច្បាប់​ត្រឹមត្រូវ​នោះ​ឡើយ​។ ជាង​នេះ​ទៅ​ទៀត លោក​ក៏​បាន​សួរនាំ​ទៅ​កាន់​តួអង្គ​មួយ​ចំនួន​ដែល​មាន​ក្នុង​រូប​ផ្សព្វផ្សាយ​នោះ គឺ​ពួក​គាត់​មិន​បានដឹង​ខ្លួន​ឡើយ មាន​ន័យ​ថា ម្ចាស់​ផលិតកម្ម​បាន​កាត់ត​រូបភាព​ពួក​គេ​ពី​កន្លែង​ណា​មក​ទេ ហើយ​យក​មក​ធ្វើ​ជា Poster សម្រាប់​ផ្សព្វផ្សាយ​។

លោក​បន្ថែម​ថា ជា​ទូទៅ​ក្រសួង​តែងតែ​មានការ​គាំទ្រ​ដល់​ម្ចាស់​ផលិតករ​ដែល​មាន​បំណង​ចង់​ផលិត​រឿង ជា​ពិសេស​គឺ​រឿង​បែប​ប្រវត្តិ​បែប​នេះ ហើយ​ក្រសួង​តែងតែ​ចង់​ធ្វើការ និង​សហការ​ជាមួយ​ផលិតករ​សម្រាប់​ការ​ប្រឹក្សា​យោបល់​ដែល​ក្រសួង​អាច​ធ្វើ​បាន​លើ​ការ​ថត​បែប​ប្រវត្តិសាស្ត្រ ព្រោះ​យើង​បារម្ភ​ខ្លាច​មានការ​ថត​ទៅ​មានការ​ខុសឆ្គង​ពី​ប្រវត្តិសាស្ត្រ​ដើម​។

បើ​តាម​លោក ប៉ុក បូ​រក្ស បាន​បន្ត​ថា រហូត​មក​ទល់​ពេល​នេះ យើង​បាន​ព្យាយាម​ស្វែងរក​ម្ចាស់​ផលិតកម្ម ដើម្បី​បញ្ជាក់​ឲ្យ​បាន​ច្បាស់លាស់​អំពី​បញ្ហា​នេះ ហើយ​បើ​វា​ជា​ការ​ពិត​យើង​នឹង​ជួយ​ជា​ប្រឹក្សា​ដល់​គាត់ ប៉ុន្តែ​យើង​នៅ​មិន​ទាន់​អាច​ស្វែងរក​ឃើញ​ពី​ម្ចាស់​ផលិតកម្ម​បាន​នៅឡើយ​ទេ​។
ទោះជា​យ៉ាងណា​លោក​ថា ជា​ជំ​ហ៊ាន​ដំបូង​យើង​ត្រូវ​ព្យាយាម​កោះហៅ​ម្ចាស់​ផលិតកម្ម​នោះ​ចូលខ្លួន​មក​បំភ្លឺ​ជា​មុន​សិន ដើម្បី​កំណត់​ឲ្យ​បាន​ច្បាស់​ពី​គម្រោង​មួយ​នេះ អាច​ជា​ការ​ពិត ឬ​ក៏​ជា​ការ​បង្ហោះ​ហើយ​ចោល ដែល​នោះ​គឺជា​ការ​ព្រួយបារម្ភ​របស់​យើង​។

គួរ​បញ្ជាក់​ថា សារព័ត៌​មាននៅ​ក្នុងស្រុក​មួយ​បាន​ធ្វើការ​ចុះ​ផ្សាយ​ថា ផលិតកម្ម​មួយ​មានឈ្មោះ DL បាន​បង្ហាញ​គម្រោង​នៃ​ការ​ផលិត​រឿង​ដ៏​ធំ​មួយ គឺ​រឿង «​ប្រមាញ់​ប្រវត្តិសាស្ត្រ​» ដែល​រឿង​មួយ​នេះ​មាន​គម្រោង​ចាយ​ទុន​ប្រមាណ​ជាង​១​លាន​ដុល្លារ និង​មានការ​ចូលរួម​សម្តែង​ពី​តារាភាពយន្ត និង​ចម្រៀង​ល្បី​ៗ​ជា​ច្រើន​រូប​។

បើ​តាម​ការ​ឲ្យ​ដឹង​ពី​អ្នកគ្រប់គ្រង​ការ​ផលិត​ទូទៅ​នៅ​ផលិតកម្ម DL បាន​បញ្ជាក់​ថា រឿង​ដែល​កំពុង​​តែ​ផលិត​នេះ គឺជា​រឿង​បែប​សម័យ ដែល​គេ​និយាយ​ពី​ក្រុម​បុរាណវិទ្យា​មួយ​ក្រុម បាន​ចុះ​ទៅ​ស្រាវជ្រាវ​នៅ​តំបន់​អង្គរ រួច​ពួក​គេ​ក៏​បាន​មើលឃើញ​រូបភាព​ពី​អតីតកាល​មួយ ដែល​ផុស​ចេញពី​សិលាចារឹក ឬ​រូប​បដិមា ដែល​ជា​កំណាយ​បុរេប្រវត្តិ គេ​បានឃើញ​ចម្បាំង និង​រឿងរ៉ាវ​វប្បធម៌ និង​សិល្បៈ​គ្រប់​ទម្រង់ ដែល​បាន​ផ្សារ​ភ្ជាប់​គ្នា ដើម្បី​បង្ហាញ​ឲ្យ​អ្នក​ទស្សនា​បាន​យល់​ដឹង​ពី​សិល្បៈ​គ្រប់​ទម្រង់​។ តាម​គម្រោង​រឿង «​ប្រមាញ់​ប្រវត្តិសាស្ត្រ​» នេះ​អាច​នឹង​បើក​សម្ពោធ​ពិធី​ក្រុង​ពាលី នៅ​បំណាច់​ចុងខែ​កក្កដា ឆ្នាំ ២០២០ ខាង​មុខ​នេះ ៕