បុណ្យ​៧​ថ្ងៃ Mr Queen ថ្ងៃនេះ​! តារា​មួយ​ចំនួន​ខ្វល់ចិត្ត​ខ្លាច​អត់​មនុស្ស​មក​ចូល​រួម

10

រាជធានី​ភ្នំពេញ ៖ ជុំវិញ​រឿងរ៉ាវ​តារា​ភេទ​ទី​៣ Mr Queen ដែល​បាន​លាចាក​លោក ដោយ​ភាព​កម្សត់ និង​មិនសូវ​មាន​សាច់ញាតិ​មក​ចូលរួម​ក្នុង​ពិធី​បុណ្យសព​ធ្វើ​ឱ្យ​គេ​អាណិត ក្រោយមក​ក៏​ឃើញ​មាន​សិល្បករ​មួយ​ចំនួន បាន​ខ្នះខ្នែង​ទៅ​ជួយ​គ្នា​តាម​លទ្ធភាព និង​កម្លាំង​ដែល​មាន ប៉ុន្តែ​ក្តី​បារម្ភ​កើត​មាន​ឡើង​នៅ​ពេល​បុណ្យ​៧​ថ្ងៃ ដោយ​ខ្លាច​មិន​មាន​អ្នក​ណា​មក​ចូលរួម ហើយ​បើ​ចឹ​ង​មែន​នោះ​រឹតតែ​កម្សត់​ថែម​ទៀត ។

នៅ​ថ្ងៃ​ទី​៩ ខែកក្កដា ឆ្នាំ​២០២០​នេះ គឺ​គម្រប់​បុណ្យ​៧​ថ្ងៃ​របស់​អតីត​តារា​សម្តែង​ភេទ​ទី​៣ Mr Queen ដែល​បាន​ចែ​ន​ឋាន ព្រោះតែ​ជំងឺ​រោគា ។ តារា​ដែល​ចែក​ឋាន​នេះ មាន​ភាព​កម្សត់​ណាស់ មិនសូវ​មាន​សាច់ញាតិ ហើយ​ពិធី​បុណ្យសព​សម្រេច​ដោយ​ជោគជ័យ​ក្រោម ការ​ខ្នះខ្នែង​ពី​មិត្ត​សិល្បករ ខំ​សហការ​គ្នា​ទាំង​ប្រ​កូក​ក្រ​កាស​។

មានការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ថា ពិធីបុណ្យ​គម្រប់​៧​ថ្ងៃ របស់ Mr Queen អាច​នឹង​ស្ងាត់ជ្រងំ ប្រសិនបើ​មិន​មាន​ញាតិ​មិត្ត​ចូលរួម​នោះ​ទេ​។ ហើយ​រោង​ពិធី​ដែល​រៀបចំ​នៅ​បរិវេណ​វត្ត​អង្គ​តា​មិ​ញ នឹង​កម្សត់​ម្តងទៀត ហើយ​ដួង​វិញ្ញាណក្ខន្ធ​របស់​លោក​ឃ្វី​ន នឹង​មិន​ស្ងប់​នោះ​ឡើយ​។ ទោះ​បី​ជា​យ៉ាងណា លោក​បញ្ញា សិ​ទ្ឋិ ដែល​មាន​ទឹកចិត្ត​អាណិត​មិត្តភក្តិ បាន​អំពាវនាវ​ឱ្យ​អ្នក​ដែល​ធ្លាប់​ស្គាល់​តារា​អ​ភ័​ព្ទ​រូប​នេះ មេត្តា​ចូលរួម​សាង​កុសល​ទាំងអស់​គ្នា ទោះ​តិច​ក្តី​ច្រើន​ក្តី ធ្វើ​មិច​នេះ​ជា​វាសនា​របស់​គាត់​។

តារា​កំប្លែង កញ្ញា យ៉េ​យ៉េ មិន​ត្រឹមតែ​បង្ហោះ​អំពាវនាវ​ប៉ុណ្ណោះ​ទេ នាង​ថែម​ទាំង​ចេញ​មុខ​ប្រកាស​តាម​គ្រុប ដើម្បី​អោយ​មានការ​ចាប់អារម្មណ៍​ចំពោះ​ពិធី​បុណ្យសព​៧​ថ្ងៃនេះ​ផង​។ មិន​ខុស​​គ្នា​​ដែល លោក អ៊ឹម ជីវ៉ា ដែល​ជួយ​ខ្នះខ្នែង​មួយ​រូប ក៏​បារម្ភ​ពី​ភាព​ស្ងាត់ជ្រងំ​ដែរ​។

ឯ​តារា​សម្ដែង​លោក គន់ រៀម​រតនៈ វិញ ក៏​បាន​បង្ហោះ​សារ​ដែរ​ថា « រួចរាល់​ហើយ​សំរាប់​ជូន​ដំណើរ​​ចុង​ក្រោយ​បង Mr.Queen ៧​ថ្ងៃ ថ្ងៃស្អែក​។ សូម​វិញ្ញាណក្ខន្ធ​បង បាន​ស្ងប់​សុខ​ផង​ចុះ នឹង​អោយ​ពរ​ជ័យ​ដល់​មហាជន សប្បុរសជន បងប្អូន​អ្នកសិល្បៈ​ទាំងអស់​ដែរ​បាន​ជួយ​បង​តាំងពី​ដើម​រហូត​ដល់ទី​បញ្ចប់ អោយ​បាន​សុខ​ចំរើន​ទាំងអស់​គ្នា​ផង​។ អរគុណ​អ៊ី លក់​កោដ្ឋ​នៅ​ផ្សារ​ទូល​ទំពូង បាន​លក់​បញ្ចុះតំលៃ​អោយ​យ៉ាង​ពិសេស​សំរាប​រាល់​សព​ដែល​ក្រខ្សត់​ខ្វះខាត​»​។

ងាក​ទៅ​តារា​សម្ដែង​ភេទ​ទី​៣ កញ្ញា មុត សុ​វ​ណ្ណា​រិ​ទ្ធិ គឺ​មិន​ត្រឹមតែ​អំពាវនាវ​ទេ នាង​ថែម​ទាំង​ចេញ​មុខ​ទៅ​ធ្វើ​រោង​ជូន Mr.Queen ដល់​យប់​ជ្រៅ ដើម្បី​បង្ហាញ​ទឹកចិត្ត​ក្នុង​ការ​ខ្នះខ្នែង​នោះ​ផង​។

ទោះបី​យ៉ាងណា ក៏​នៅ​មានការ​ចាប់អារម្មណ៍​ថា ពិធីបុណ្យ​មួយ​នេះ នឹង​មាន​អ្នកសិល្បៈ និង​បណ្ដា​​ភ្ញៀវ​ចូលរួម ដោយសារ​តែ​អ្នកសិល្បៈ​ខាងលើ​ចេញ​មុខ​អំពាវនាវ ហើយ​ក៏​ជា​សញ្ញា​មួយ​ប្រាប់​មហាជន​ថា សិល្បៈ​មិន​ចោល​គ្នា ទោះ​កាលៈទេសៈ​ណា​។ (​កែសម្រួល​ដោយ ៖ បុប្ផា​)