សុ​ន ស្រី​ពេជ្រ សម្រាល​កូនប្រុស​លើក​ទី​២ ដោយ​ភាព​អំណត់

10

រាជធានី​ភ្នំពេញ ៖ សុ​ន ស្រី​ពេជ្រ តារាចម្រៀង​បែប​មនោសញ្ចេតនា​ល្បីឈ្មោះ បទ​បែប លើក​ស្ទួយ​ទេសចរណ៍​បាន​សម្រេច ដោយ​បំណង​សម្រាលកូន​ជា​លើក​ទី​២​។ ក្រោយ​រៀប​ការ​បាន​មិន​ដល់​២​ឆ្នាំ សុ​ន ស្រី​ពេជ្រ បានកូន​ទី​២ ក្នុង​នោះ​កូន​ទី​១ ជា​ស្រី​។

អំឡុង​ពេល​សម្ងំ​ពពោះ សុ​ន ស្រី​ពេជ្រ បាន​ជួប​ប្រទះ​នឹង​រឿងរ៉ាវ​មួយ​ចំនួន​ជា​ការ​សម្គាល់​។ នាង​ខាតបង់​ដើរ​ច្រៀង​ភ្លេង​ការ​ជា​ច្រើន​រោង ព្រោះ​បញ្ហា​កូ​វី​ដ​១៩ ធ្វើ​អោយ​ស្ទះ​ដល់​ការ​ចំណាយ​។ លើស​ពី​នេះ​ក៏​ស្រាប់តែ​បាត់បង់​ប្អូនប្រុស​ម្នាក់​ទៀត ដែល​រង​នូវ​ជំងឺរបេង​ឆ្អឹងខ្នង ហើយ​អំឡុង​ពេល​ព្យាបាល​ប្រើប្រាស់​ថវិកា​ច្រើន និង​មានការ​ជួយ​ឧបត្ថម្ភ​ពី​សំណាក់​មហាជន​ជា​ច្រើន ដោយ​ក្តី​អាណិត​ស្រឡាញ់​។

យ៉ាងណា បំណង​ដែល សុ​ន ស្រី​ពេជ្រ ខំ​ពពោះ​កូន​ទី​២ បាន​សម្រេច​ហើយ ដោយ​កូនប្រុស​នាង​ចាប់កំណើត​នៅ​ពេល​ព្រលឹម​ថ្ងៃអាទិត្យ ទី​១២ ខែកក្កដា ឆ្នាំ​២០២០​នេះ ។ កូនប្រុស​ដ៏​គួរ​អោយ​ស្រឡាញ់​រូប​នោះ ស្រី​ពេជ្រ បាន​ដាក់​ឈ្មោះ​ថា «​ពេជ្រ វ​ឌ្ឍ​នា​» មាន​ទម្ងន់​ជាង​៣​គីឡូក្រាម​។

ហើយ​ការ​បង្ហោះ​រូបភាព​របស់​តារា​តូច​ស្រស់​រូប​នេះ មិនឃើញ​ស្វាមី​នាង​នៅ​ជិត​ក្បែរ​កាយ​ឡើយ នាំ​អោយ​គេ​ឆ្ងល់​។ ទោះបីជា​យ៉ាងណា ហ្វេ​ន​ៗ​របស់​នាង​ក៏​បាន​ជូនពរ និង​អបអរ ដែល​ទទួល​បាន​សមាជិក​ថ្មី និង​ខ្លះ​ជូនពរ​ម្តាយ និង​កូន​សុខ​ភាពរឹងមាំ​ទៀត​ផង ។