សម្តេច​នាយក​រដ្ឋមន្ត្រី​ផ្ញើ​សារ​អបអរសាទរ​ទិវា​វប្បធម៌​ជាតិ ៣​មីនា លើក​ទី​២១ ខណៈ​មាន​សិល្បករ​មួយ​ក្រុម​ធ្វើ​រឿង​ម្យ៉ាង​នៅ​មុខ​វាំង

117

ប្រមុខ​ដឹកនាំ​រាជរដ្ឋាភិបាល​កម្ពុជា សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​បាន​ផ្ញើ​សារ អបអរសាទរ​ទិវា​វប្បធម៌​ជាតិ ៣​មីនា លើក​ទី​២១ ឆ្នាំ​២០១៩ ដែល​ទិវា​វប្បធម៌​ជាតិ​៣​មីនា ជា​ទិវា​ដ៏​សំខាន់​មួយ​របស់​ប្រទេស​ជាតិ ដែល​ជា​និច្ចកាល រាជរដ្ឋាភិបាល​បាន​យកចិត្តទុកដាក់​រៀបចំ​ប្រារព្ធ​ពិធី​នេះ ជា​រៀង​រាល់​ឆ្នាំ ដើម្បី​រម្លឹក​ដល់​គុណូបការៈ និង​ស្នាដៃ​ដ៏​វិសេសវិសាល​នៃ​បុព្វបុរស​ខ្មែរ ដែល​បាន​បន្សល់​ទុក​នូវ​កេរ​មរតក​វប្បធម៌ និង​តម្លៃ​មិន​អាច​កាត់ថ្លៃ​បាន​ដល់​កូនចៅ​ជំនាន់​ក្រោយ​។

សម្តេច​តេ​ជោ បាន​បង្ហោះ​សារ​ក្នុង​គណនី​ហ្វេ​ស​ប៊ុ​ក​របស់​សម្តេច​ដែល​មាន​ខ្លឹមសារ​ថា «​ការ​ប្រារព្ធ​ទិវា​វប្បធម៌​ជាតិ ជា​ការ​ជំរុញ និង​ផ្សព្វផ្សាយ ផ្ទេរ​ចំណេះដឹង ចំណេះធ្វើ ជំនាញ​បច្ចេកទេស ហើយ​និង​ទេព​កោសល្យ​វប្បធម៌ ក៏​ដូច​ជា​ការ​ក្រើនរម្លឹក បំផុសស្មារតី​ស្រឡាញ់​វប្បធម៌​ជាតិ ដល់​ប្រជាពលរដ្ឋ​ទាំងអស់ ជា​ពិសេស​យុវជន​ដែល​ជា​ទំ​ពាង​ស្នង​ឬ​ស្សី​។ ជូនពរ​បងប្អូន​ជនរួមជាតិ​អោយ​ជួប​តែ​សេចក្តីសុខ សេចក្តីចម្រើន​គ្រប់​ៗ​គ្នា ជា​ពិសេស​សូម​អោយ​ដំណើរ​កម្សាន្ត​នា​ចុង​ស​ប្តា​ហ៍​ប្រកបដោយ​ភាព​រីករាយ​» ។

ជាមួយ​គ្នា​នេះ​ផង​ដែរ នៅ​រសៀល​ថ្ងៃ​ទី ០៣ មីនា ឆ្នាំ​២០១៩ នេះ​មាន​សិល្បករ​មួយ​ក្រុម​មាន​គ្នា​ប្រមាណ​ជាង ២០ នាក់​បាន​តុបតែង​កាយ​ទ្រង់គ្រឿង​ឈុត​បុរាណ និង​ប្រមូលផ្តុំ​គ្នា​នៅ​មុខ​វាំង និង​តំបន់​កំសាន្ត​ជា​ច្រើន​កន្លែង​ទៀត​នៅ​មុខ​វាំង​និង​ផ្លូវ​មាត់ទន្លេ​ផង​ដែរ ។

គេ​សង្កេត​ឃើញ​តារា​ៗ​ទាំងនោះ​គឺ​មាន​ដូច​ជា​តារា​សម្តែង​និង​ពិធីករ លោក ប៉ែន ចំ​រ៉ុ​ង នាង​សាឡា​ត់ ស្រី​ឡា​ង លោក​តាន់ គី​ម​សួរ អាចារ្យ​ធំ និង​សិល្បករ​ជា​ច្រើន​រូប​ទៀត​។ លោក ប៉ែន
ចំ​រ៉ុ​ង និង​សិល្បករ សិល្ប​ការិនី​ដែល​តុបតែង​កាយ​ឈុត​ប្រពៃណី​យ៍​បុរាណ​បាន​ថ្លែង​ការ កាលដែល​ពួក​គាត់​តុបតែង​បែប​បុរាណ​បែប​នេះ​គឺ​ដើម្បី​ចូលរួម​អបអរសាទរ​ទិវា​វប្បធម៌​ជាតិ ៣​មីនា លើក​ទី​២១ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ ក៏​ដូច​ជា​យុវវ័យ​សម័យនេះ​បាន​ចង​ចាំ​នូវ​ទិវា​ដ៏​មាន​សារៈសំខាន់​មួយ​នេះ មិន​ចង់​ឲ្យ​ក្មេង​ជំនាន់​ក្រោយ​ស្រលាញ់​វប្បធម៌​បរទេស ហើយ​ភ្លេច​វប្បធម៌​ដ៏​រុងរឿង​របស់​ជាតិ​សាសន៍​ខ្លួន​ឡើយ ។

ក្រុម​សិល្បករ​ទាំងអស់​បាន​ឲ្យ​ដឹង​ថា​ពួក​គាត់​គ្រង​ឈុត​បុរាណ​ដើរ​តាម​មាត់ទន្លេ​និង​មុខ​វាំង​ដើម្បី​ឲ្យ​បងប្អូន​ខ្មែរ​ដែល​ទៅ​កំសាន្ត ឬ​ហាត់ប្រាណ​នៅ​ទីនោះ​បានឃើញ​នូវ​សម្រស់​ផូរផង់​នៃ​ឈុត​បុ​រណ​ខ្មែរ ។ តោះ​ទៅ​មើលរូប​ភាព​តារា​ខ្មែរ​យើង​ថា​មាន​ភាព​ស្រស់​ស្អាត និង​ស្រស់​សង្ហា​យ៉ាងណា​ពេល​គ្រង​ឈុត​បុរាណ​ខ្មែរ​បែប​នេះ​៖
ដោយ​៖ បង តុលា