ចូលរួម​ត្រេកអរ​ដល់​វិស័យ​ភាពយន្ត​ខ្មែរ រាជរដ្ឋាភិបាល​សម្រេច​ធ្វើ​រឿង​ម្យ៉ាង​រហូត​ផលិតករ​សឹង​ស្រក់​ទឹកភ្នែក

92


កន្លង​មក ដោយ​ពិនិត្យ​ឃើញ​ពី​ភាព​ចាំបាច់​ក្នុង​ការ​ជំរុញ និង​លើក​ស្ទួយ វិស័យ​ភាពយន្ត​ខ្មែរ ដែល​ប្រឈម​នឹង​ការ​ប្រកួតប្រជែង​ដ៏​ស្រួចស្រាល់​ទៅ​នឹង​ការ​ហូរ​ចូល​នៃ​ភាពយន្ត​បរទេស រាជរដ្ឋាភិបាល​បាន​សម្រេច​អនុញ្ញាត​សម្រួល​ផ្នែក​ពន្ធដារ​ដល់​សហគ្រាស​ផលិតភាព​យន្ត​ក្នុងស្រុករយៈពេល ៣​ឆ្នាំ រហូត​ដល់ឆ្នាំ ២០១៨ ។

ដើម្បី​ជា​ការ​លើកទឹកចិត្ត និង​លើក​ស្ទួយ​វិស័យ​សិល្បៈ និង​ការ​ផលិតភាព​យន្ត​ខ្មែរ សម្តេច​តេ​ជោ​ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នា​ថ្ងៃ​ទី​០៦ ខែមីនា ឆ្នាំ​២០១៩ ពេល​សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន​សែន បាន​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​នៅ​ក្នុង​ពិធី​អបអរសាទរ​ទិវា «​វប្បធម៌​ជាតិ ៣​មីនា​» លើក​ទី​២១ នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ​និង ពិធី​បិទ​មហោស្រព​សិល្បៈ​យុវជន​ទូ​ទាំង​ប្រទេស​ថ្ងៃនេះ​គឺ​មានការ​ជួបជុំ​សំណេះសំណាល និង​ពិសារ​អាហារ​សាមគ្គី​រួម​គ្នា​ជាមួយ​ថ្នាក់ដឹកនាំ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ រួម​ទាំង​សិល្បករ សិល្ប​ការិនី ដែល​មាន​ចំនួន​ប្រមាណ ៤​ពាន់​នាក់ សម្តេច​តេ​ជោ បាន​ប្រកាស​ថា រាជរដ្ឋាភិបាល​សម្រេចសម្រួល និង​អនុគ្រោះ​ខាង​ផ្នែក​ពន្ធដារ​សម្រាប់​រយៈពេល​៥​ឆ្នាំ បន្ថែម​ទៀត រហូត​ដល់​ដំណាច់ឆ្នាំ ២០២៣ ដូច​ខាងក្រោម ៖
​- អនុញ្ញាត​ឱ្យ​ព្យួរ​ទុក​ការ​អនុវត្ត​ពន្ធ​កាត់​ទុក (១៥%) លើ សួយ​សារ​នៃ​ទ្រព្យ​អ​រូបិយ (​ការ​ផ្តល់​សិទ្ធិ​បញ្ចាំង​ខ្សែភាពយន្ត​ផលិត​ក្នុងស្រុក​) ។
​- អនុញ្ញាត​ឱ្យ​ព្យួរ​ពន្ធ​លើ​ប្រាក់​ចំណូល​ជូន​ក្រុមហ៊ុន​ផលិតកម្ម​ភាពយន្ត​ខ្មែរ ។
​- អនុញ្ញាត​ព្យួរ​ទុក​ការ​អនុវត្ត​ឤ​ករ ពិសេស​លើ​សេវា​លំហែ​កំសាន្ត (១០%) ជូន​ដល់​សិល្បៈ​សៀ​ក​នៃ​ក្រុម​ហ្វា​ពន្លឺ​សិល្បៈ​ខេត្តសៀមរាប ។ សហគ្រាស​ផលិតភាព​យន្ត និង​សៀ​ក​ត្រូវ​បំពេញ​កាតព្វកិច្ច​ចុះបញ្ជី​ពន្ធដារ​កត់ត្រា និង​កាន់កាប់​បញ្ជី​ការ​គណនេយ្យ ដាក់​លិខិត​ប្រកាស​ពន្ធ​ប្រចាំខែ និង​ប្រចាំឆ្នាំ ព្រមទាំង​បំពេញ​កាតព្វកិច្ច​ពន្ធដារ​ផ្សេង​ទៀត ឱ្យ​បាន​ត្រឹមត្រូវ​ដូច​ក្រុមហ៊ុន​ឤ​ជីវ​កម្ម​ដទៃ​ទៀត ដើម្បី​ជា​ការ​ចូលរួម​ចំណែក​ពង្រឹង​អនុលោម​ភាព​សារពើពន្ធ និង​វប្បធម៌​ពន្ធ​នៅ​កម្ពុជា ។

ជា​ថ្មី​ម្តងទៀត ក្នុង​នាម​រាជរដ្ឋាភិបាល សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី បាន​កោតសរសើរ​និង​វាយតម្លៃ​ខ្ពស់​ចំពោះ លទ្ធផល​ការងារ ដែល​ក្រសួង​វប្បធម៌​និង វិ​ច្រិត​សិល្បៈ​សម្រេច​បាន ជា​ពិសេស​មរតក​មនុស្ស​រស់ សិល្បករ ចាស់ទុំ ជា​ព្រឹទ្ធាចារ្យ និង​ជា​វរៈ​សិល្បករ ក៏​ដូច​ជា មន្ត្រីរាជការ សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ សិល្បករ សិល្ប​ការិនី នៃ​ស្ថាប័ន​វប្បធម៌ ទាំងអស់ ដែល​បាន​ខិតខំ​ប្រឹងប្រែង​ចូលរួម​ចំណែក​យ៉ាង​សកម្ម និង​រស់​រវើក​ក្នុង​ការ​អភិរក្ស និង​អភិវឌ្ឍន៍ សិល្បៈ​វប្បធម៌​ខ្មែរ ឱ្យ​បាន​ស្ថិតស្ថេរ​គង់វង្ស​និង​មានការ​រីក​ចម្រើន​គួរ​ជាទី​មោ​ទ​នៈ ។

សូម​រម្លឹក​ថា​កាលពី​ចុងឆ្នាំ ២០១៧ ក្រសួង​វប្បធម៌ បាន​កោះហៅ​ផលិតករ​ភាពយន្ត​និង​អ្នក​ពាក់ព័ន្ធ​នានា ឲ្យ​ចូលរួម​កិច្ចប្រជុំ​មួយ ដើម្បី​ពិភាក្សា​អំពី​គម្រោង​អនុវត្ត​កាតព្វកិច្ច​ពន្ធ នៅ​ក្នុង​វិស័យ​ភាពយន្ត​កម្ពុជា គ្រា​ដែល​រាជរដ្ឋាភិបាល​រឹត​បន្តឹង​លើ​ការ​ប្រមូល​ពន្ធ នឹង​មាន​គម្រោង​យកពន្ធ​លើ​វិស័យ​ខ្សែភាពយន្ត​។ ស្រប​ពេល​នោះ​ដែរ អគ្គនាយកដ្ឋាន​ពន្ធដារ​កម្ពុជា កំពុង​ជំរុញ​ឲ្យ​មានការ​ផ្លាស់​ប្ដូរ​កាន់តែ​ខ្លាំង​ឡើង​លើ​ប្រព័ន្ធ​ពន្ធដារ​របស់​កម្ពុជា ដែល​មាន​លក្ខណៈ​ស្មុគស្មាញ ឲ្យ​ក្លាយទៅជា​មូលដ្ឋាន​ចំណូល​ដ៏​ចិ​រ​ភាព​មួយ​ដល់​រដ្ឋាភិបាល​។
កាលនោះ លោក ឆាយ បូ​រ៉ា ដែល​មាន​តួនាទី​ជា​ប្រធាន​សមាគម​ភាពយន្ត​កម្ពុជា បាន​លើក​ឡើង​ថា ការ​ប្រមូល​ពន្ធ​ពី​ឧស្សាហកម្ម​ភាពយន្ត មិន​គួរ​ត្រូវ​អនុវត្ត​នា​ពេល​នេះ​ទេ ដោយ​លោក​អះអាង​ពី​ភាព​ក្មេងខ្ចី​របស់​វិស័យ​នេះ​។ ទន្ទឹម​នឹង​ការ​ពង្រឹង​វិស័យ​ពន្ធដារ​នៅ​ក្នុង​ប្រទេស​កម្ពុជា ផលិតកម្ម​ភាពយន្ត ក៏​ស្ថិត​នៅ​ក្នុង​បញ្ជី​នៃ​អ្នក​ជាប់​កាតព្វកិច្ច​ពន្ធ​ផង​ដែរ​។

ក្រោយ​ពី​ប្រមុខ​រាជរដ្ឋាភិបាល​សម្រេចសម្រួល និង​អនុគ្រោះ​ខាង​ផ្នែក​ពន្ធដារ​សម្រាប់​រយៈពេល​៥​ឆ្នាំ បន្ថែម​ទៀត រហូត​ដល់​ដំណាច់ឆ្នាំ ២០២៣ ធ្វើ​ឲ្យ​ផលិតករ​ជា​ច្រើន បង្ហាញ​ពី​អារម្មណ៍​រីករាយ​សឹង​ស្រក់​ទឹកភ្នែក​ដោយ​ក្តី​រំភើប ចំពោះ​ការ​អនុគ្រោះ​មួយ​នេះ​ព្រោះ​វា​ពិតជា អាច​ជួយ​ដល់​ការ​រីក​ចម្រើន​នៃ​វិស័យ​ភាពយន្ត ហើយ​អាច​ធ្វើ​ឲ្យ​ការ​ផលិតភាព​យន្ត​កាន់តែ​ធ្លាក់​ចុះ​ទៅ​វិញ ។

ជាមួយ​គ្នា​នេះ​ផង​ដែរ សម្តេច​តេ​ជោ បាន​លើកទឹកចិត្ត​ឲ្យ​ផលិតករ​បន្ត​ផលិតភាព​យន្ត ជា​ពិសេស​គឺ​រឿង​ភាគ​ចាក់​តាម​កញ្ចក់​ទូរទស្សន៍​ក្នុងស្រុក​នា​ម៉ោង​មាស ៕