គិត​ម្តេច? អ្នក​នាង​ច​ន ច័ន្ទ​ល​ក្ខិ​ណា ឈប់​ធ្វើ​ប្រធាន​សមាគម​សិល្បករ​ខ្មែរ

826

រាជធានី​ភ្នំពេញ​៖​ អ្នក​នាង​ច​ន ច័ន្ទ​ល​ក្ខិ​ណា បាន​ប្រកាស​បញ្ចប់​អាណត្តិ​ជា​ប្រធាន​សមាគម​សិល្បករ​ខ្មែរ បន្ទាប់​ពី​នាង​បាន​កាន់​តំណែង​នេះ​មួយ​អាណត្តិ​៣​ឆ្នាំ បន្ត​ពី​ប្រធាន​សមាគម​ចាស់​គឺ​លោក​សុះ ម៉ាច ដែល​បាន​កាន់​តំណែង​នេះ​២​អាណត្តិ​។ អ្នក​នាង​ល​ក្ខិ​ណា ប្រកាស​មិន​បន្ត​ធ្វើ​ជា​ប្រធាន​សមាគម​សិល្បករ​ទៀត​ទេ ដោយ​ទុក​ឱកាស​ឲ្យ​អ្នក​ថ្មី​បន្តវេន ខណៈ​ពេល​ដែល​នាង​មមាញឹក​នៅ​ក្នុង​របរ​រកស៊ី​ផ្ទាល់ខ្លួន និង​អាជីព​សិល្បៈ​ផង​ដែរ ។

អ្នក​ច​ន ច័ន្ទ​ល​ក្ខិ​ណា បាន​សរសេរ​បង្ហោះ​លើ​ហ្វេ​ស​ប៊ុ​ក​កាលពី​ថ្ងៃ​ទី​២៨ មីនា ២០១៩​ថា «​មិន​ដែល​មាន​មោទនភាព​ក្នុង​ពេល​បចុប្បន្ន​ទេ ព្រោះ​អនាគត​មើល​មិនឃើញ ។ ជីវិត​ផ្ទាល់ខ្លួន​របស់​ប្រធាន​សមាគម​សិល្បៈ​គឺ​គ្មាន​អ្វី​ដែល​លើសគេ​នោះ​ទេ ហើយ​ក៏​ជិត​ដល់​អាណត្តិ​ដែល​ខ្ញុំ​ត្រូវ​ចាក​ចេញពី​ការងារ​នេះ​ដែរ ទុក​ឲ្យ​អ្នក​បន្តវេន​ពី​ខ្ញុំ​គាត់​ធ្វើ​ការងារ​នេះ​ម្តង »​។

បើ​តាម​ការ​បញ្ជាក់​ពី​អ្នក​នាង​ច​ន ច័ន្ទ​ល​ក្ខិ​ណា ការ​ចាកចេញ​របស់​នាង​មិនមែន​ជា​ការ​លាលែង​ឡើយ ពោល​គឺជា​ការ​បញ្ចប់​អាណត្តិ​តាម​ច្បាប់​របស់​សមាគម ។ នាង​នៅ​តែ​បន្ត​កាន់​តំណែង​នេះ​រហូត​ដំណាច់ឆ្នាំ ហើយ​មានការ​បោះ​ឆ្នោត​រក​ប្រធាន​ថ្មី​មក​ជំនួស ។

បើ​ទោះបីជា​មិន​កាន់​ជា​ប្រធាន​សមាគម​សិល្បករ​ខ្មែរ​បន្ត​ក៏​ដោយ ប៉ុន្តែ​អ្នក​នាង​ច​ន ច័ន្ទ​ល​ក្ខិ​ណា នៅ​មាន​សមាគម​ផ្ទាល់ខ្លួន​មួយទៀត​សម្រាប់​ធ្វើ​ការងារ​បន្ត​គឺ​សមាគម​សិល្បៈ​ស្ម័គ្រ​ជួយ​សង្គម ក្នុង​ពេល​ដែល​សមាគម​នេះ​ក៏​បាន​ដើរតួ​នាទី និង​សកម្មភាព​ស្រ​ដៀង​គ្នា​ទៅ​នឹង​សមាគម​សិល្បករ​ខ្មែរ​ដែរ ។

អ្នក​នាង​ច​ន ច័ន្ទ​ល​ក្ខិ​ណា បាន​បដិសេធ​នូវ​ការ​ចោទប្រកាន់​មួយ​ចំនួន​ថា នាង​អាច​នឹង​ក្តោប​យក​លុយ​មូលនិធិ​សម្រាប់​ជួយ​សិល្បករ​វ័យចាស់​។ នាង​លើក​ឡើង​ថា លុយ​មូ​និ​ធិ​នេះ​គឺ​នៅ​តែ​បន្ត បើ​ទោះបីជា​វា​មិនមែន​ជា​របស់​សមាគម​សិល្បករ​ខ្មែរ​ក្តី ។

ក្នុង​មួយ​អាណត្តិ​ជា​ប្រធាន​សមាគម​សិល្បករ​ខ្មែរ​អ្នក​នាង​ច​ន ច័ន្ទ​ល​ក្ខិ​ណា បាន​ទទួល​ការ​សរសើរ​ផង និង​មានការ​រិះគន់​ផង ប៉ុន្តែ​តារា​រូប​នេះ​នៅ​តែ​អាច​ជម្នះ​រាល់​ការ​រិះគន់​ទាំងឡាយ ហើយ​បាន​ធ្វើ​សកម្មភាព​ជា​បន្តបន្ទាប់ ក្នុង​ការ​ជួយ​ដោះស្រាយ និង​ឧបត្ថម្ភ​ដល់​អ្នកសិល្បៈ និង​អ្នកសិល្បៈ​ដែល​មាន​ជីវភាព​ក្រីក្រ ចាស់ជរា និង​មាន​ជំងឺ ។

អ្នក​នាង​ច​ន ច័ន្ទ​ល​ក្ខិ​ណា ត្រូវ​មិត្ត​រួម​អាជីព​សិល្បៈ​បោះ​ឆ្នោត​គាំទ្រ ក្លាយជា​ប្រធាន​ប្រធាន​សមាគម​សិល្បករ​ខ្មែរ ក្នុង​អាណត្តិ​ទី​៥ ចាប់តាំងពី​ឆ្នាំ​២០១៧ ដោយ​ជំនួស​តំណែង​លោក សុះ ម៉ាច ដែល​ផុត​អាណត្តិ ។ តាម​រយៈ​ការ​បោះ​ឆ្នោត​នោះ អ្នក​នាង ទទួល​បាន​២៥៤​សំឡេង រីឯ​លោក​អៀង ស៊ី​ធុ​ល ទទួល​បាន​២៦​សំឡេង និង​លោក​កុយ ស៊ី​ឌឿ​ន ទទួល​បាន​១៨​សំឡេង ។

ក្រោយ​ពី​ទទួល​បាន​តំណែង​ជា​ប្រធាន​សមាគម​សិល្បករ​ខ្មែរ​នោះ​រួច​មក អ្នក​នាង​ច​ន ច័ន្ទ​ល​ក្ខិ​ណា បាន​សន្យា​ថា នឹង​ដឹកនាំ​នាវា សមាគម​សិល្បករ​ខ្មែរ​ឲ្យ​បាន​ល្អ ហើយ​អ្វី​ដែល​ពិសេស​នោះ គឺ​នាង​មិន​ធ្វើ​ឲ្យ​បុគ្គល​ដែល​មាន​ឈាមជ័រ​ជា​អ្នកសិល្បៈ​ដុនដាប គ្មាន​តម្លៃ​នោះ​ទេ ៕