នារី​ម្នាក់​នេះ តាំងចិត្ត​ខ្លាំង​ណាស់​ទម្រាំ​បាន​ដូចនេះ រហូត​មហាជន​បាន​ដាក់​ងារ​ឲ្យ

24

កូរ៉េ​ខាងត្បូង ៖ តាម​ប្រភព​ពី​Oddity Central បានឱ្យ​ដឹង​ថា នារី​ស្រស់​ស្អាត​វ័យ​៣៤​ឆ្នាំ​ម្នាក់ បាន​សម្រេចចិត្ត​ចូល​ហាត់​សាច់ដុំ​តាំងពី​១៤​ឆ្នាំ​មុន ដែល​ធ្វើ​ឱ្យ​នាង​មាន​សាច់ដុំ​ធំ​ខ្លាំង មិនធម្មតា​នៅ​ពេល​នេះ ។

Yeon-woo Jhi ដែល​ជា​កីឡាការិនី​កាយ​វប្បកម្ម​អាជីព IFBB ជាមួយនឹង​ស្នាដៃ​ប្រកួត​ជា​ច្រើន បាន​ធ្វើ​ឱ្យ​មហាជន​មានការ​ភ្ញាក់ផ្អើល ជាមួយនឹង​មុខ​យ៉ាង​ស្រស់​ស្អាត​ជា​លក្ខណៈ​នារី និង​រាង​កាយ​មាំមួន​ពោរពេញ​ទៅ​ដោយ​សាច់ដុំ រហូត​ដល់​ថ្នាក់​មាន​គេ​ដាក់​ងារ​ថា ជា «​តុក្កតា Barbie សាច់ដុំ​»​។

កាលពី​១៤​ឆ្នាំ​មុន Jhi បាន​សម្រេចចិត្ត​ទៅ​ចូល​ហាត់ប្រាណ​នៅ​ក្បែរ​ផ្ទះ​របស់​នាង ព្រោះតែ​ចង់​បំបាត់​ភាព​អៀនខ្មាស់​ក្នុង​ការ​និយាយ​ស្តី​ក្នុង​សង្គម​។ ពេល​ហាត់​បាន​ស្ទាត់​ហើយ នាង​ចេះ​តែ​ចង់​ហាត់​ទៀត រហូត​បាន​ចូល​ប្រកួត​ក្នុង​ការ​ប្រកួត​បង្ហាញ​សាច់ដុំ ដែល​នាង​បាន​ឈ្នះ​ពាន Arnold Classic Europe Amateur នៅ​ឆ្នាំ​២០១៣ និង Arnold Classic Europe Pro នៅ​ឆ្នាំ​២០១៥​។

នាង​បាន​ក្លាយទៅជា​កីឡាការិនី​កាយ​វប្បកម្ម​ជិត​១០​ឆ្នាំ​មក​ហើយ តែ​នៅ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ នាង​បាន​ក្លាយទៅជា​តារា​ល្បី​លើ​អន​ឡាញ ដែល​ល្បី​ខាង​មាន​រាង​កាយ​សាច់ដុំ​ធំ​ៗ និង មានមុខ​នៅ​តែ​ជា​ស្រី​ស្អាត​។ នៅ​លើ Instagram នាង​មាន​អ្នក Follower ដល់​ទៅ ១៣​ម៉ឺន​នាក់ និង បាន​ឡើង​ប៉ុស្តិ៍​ទូរទស្សន៍​ជា​ច្រើន​ដង​ផង​ដែរ​នៅ​កូរ៉េ​ខាងត្បូង​៕