សុន ស្រីពេជ្រ មានអាថ៌កំបាំងឬគន្លឹះអ្វីពិសេសបានជាសម្រាលកូនហើយអត់មានបញ្ហាទាំងនោះកើតឡើងអញ្ចឹង!

75

រាជធានីភ្នំពេញ៖ ជាតិជាស្រ្តីគឺពុំមានអ្វីដែលពិបាកជាងពេលឆ្លងទន្លេនោះទេ ហើយរឿងសំខាន់មួយទៀតនោះ គឺបញ្ហាការចាញ់កូន មានអាការៈក្អួតចង្អោរ ហើមដៃជើង ហើយកាន់តែធ្ងន់ធ្ងរនោះគឺក្រោយពីស្ត្រីប្រើប្រាស់ជីវិតខ្លួននៅមាត់ជ្រោះមរណៈដើម្បីសម្រាលកូនហើយនោះ គឺពាក់ព័ន្ធនឹងរូបសម្រស់តែម្តង ។

ប្រាកដណាស់ស្ត្រីសឹងតែ ១០០ ភាគរយក្រោយផ្តល់កំណើតកូនមិនថាតាមធម្មជាតិ ឬការសម្រាលតាមរយៈការវះកាត់នោះទេ គឺតែងតែជួបនូវបញ្ហាជាច្រើនពាក់ព័ន្ធរូបសម្រស់ ដូចជាការឡើងគីឡូខ្លាំង ការជាំមុខ ជាពិសេសគឺការកើតសង្វាលើពោះតែម្តង ។ រហូតមានមាតាជាច្រើនបានបាត់បង់នូវជំនឿចិត្តក្នុងការស្លៀកពាក់ និងមានការខ្មាស់អៀនចំពោះដៃគូ ដោយសារែសង្វាលើផ្ទៃពោះគឺពិតជាអាក្រក់មើលខ្លាំងណាស់ ។ ហេតុដូច្នេះហើយមានស្ត្រីមួយចំនួនធំដែលមានលទ្ធភាពខាងសេដ្ឋកិច្ច ក៏បានចាយវាយលុយកាក់ជាច្រើនសម្រាប់ការជាវនូវផលិតផលក្នុងការថែរក្សារូបរាងកាយនិងផលិតផលបំបាត់សង្វារជាដើម ។

ក៏ប៉ុន្តែ សម្រាប់តារាចម្រៀងស្រីដែលមានចរិកស្រគត់ស្រគំនិងតែងតែងបកស្រាយចម្រៀងលក្ខណៈមនោសញ្ចេតនាពោរពេញដោយទឹកដមសម្លេងអន្លង់អន្លោចដែលបានធ្វើឲ្យមហាជនភ្ញាក់ផ្អើលខ្លាំងកាលពីដើមឆ្នាំកន្លងទៅដោយសារតែមិនធ្លាប់លឺដំណឹងរៀបការបែរជាមានកូននោះ មិនដឹងមានគន្លឹះពិសេសអ្វីបានជាមិនបានបញ្ហាចាញ់កូន ឬក៏ការកើតមានសង្វាក្រោយការសម្រាលបុត្រនោះ ។

តារាចម្រៀងអ្នកនាង សុន ស្រីពេជ្រ បានបង្ហោះសារមួយឃ្លាអមនឹងរូបថតកូនរបស់អ្នកនាង និងរូបថតផ្សេងទៀតបង្ហាញពីសង្វារកើតមានលើស្ត្រីដែលទើបសម្រាលកូន ដែលមានខ្លឹមសារទាំងស្រុងថា «សំណាងណាស់ចាប់តាំងពីពពោះខែទីមួយរហូតដល់គ្រប់ខែកើតទៀតមិនធ្លាប់ស្គាល់ពាក្យថាចាញ់កូនក្អួតចង្អោរឬពុលចំណីអាហារម្តងណាទេ មុខក៏អត់មានមុនអត់ជាំ ហើយនិយាយពីថាទៅណាមកណាអត់ដែលចេះមុខក្រញូវទេខ្ញុំ ពេលកូនកើតអត់អោយម៉ាក់ពិបាកកើតទៀត ហើយសង្វារក៏អត់មានសោះ អរគុណកូនម្តាយដែលដឹងថាម្តាយមិនសូវស្អាតហើយកូនមិនថែមអោយម៉ាក់អាក្រក់ពេលពពោះនិងក្រោយកើតកូនទេ សែនស្រលាញ់ពេញមល្លិកាសំណព្វម្តាយ » ។

យ៉ាងណាមិញ អ្នកនាងមិនបានបញ្ជាក់អំពីគន្លឹះ ឬវិធីសាស្ត្រអ្វីដែលធ្វើឲ្យអ្នកនាងដែលជាអ្នកម្តាយមួយរូបមិនប្រឈមមុខនឹងបញ្ហាទាំងនេះនោះទេ ដូច្នេះទាំង Admin និងអ្នកគាំទ្រតារាចម្រៀងស្រីរូបនេះ នឹងទទួលបាននូវព័ត៌មានលម្អិតបន្ថែមទៀតពីតារាចម្រៀងយើងនូវវិធីសាស្ត្រដែលធ្វើឲ្យអ្នកម្តាយជៀសផុតពីបញ្ហានៃការកើតមានសង្វានេះ ជាពិសេសគឺគន្លឹះថែរក្សាខ្លួនពេលកំពុងពរផ្ទៃនិងក្រោយសម្រាលតែម្តង ។

សូមរម្លឹកថាកាលពីប៉ុន្មានខែមុន អ្នកនាង សុន ស្រីពេជ្រ បានធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង រឿងបែកធ្លាយរូបថតកូនតូចរបស់អ្នកនាង ទាំងមិនទាន់មានដំនឹងរៀបការនោះ តែក្រោយមកអ្នកសិល្បៈរូបនេះបានបញ្ជាក់ជូនមហាជននិងអ្នកគាំទ្រឲ្យបានដឹងថា អ្នកនាងពិតជាបានសម្រាលបានកូនម្នាក់មែន ហើយអ្នកនាង បានចេញមុខបញ្ជាក់យ៉ាងច្បាស់ៗថា «សុំទោសផង បងសារព័ត៌មាន ខ្ញុំរៀបការជាងមួយឆ្នាំហើយ គ្រាន់តែមិនបានអញ្ជើញខាងបងៗសារព័ត៌មានចូលរួម ព្រោះធ្វើតែបន្តិចបន្តួច ដោយសារប្អូនក៏ឈឺ ប៉ាក៏ឈឺ ទើបមិនបានរៀបចំធំដុំ» ។ តារាចម្រៀងស្រីអ្នកនាង សុន ស្រីពេជ្រ បានរៀបអាពាហ៍ពិពាហ៍ជាមួយបុរសម្នាក់ ឈ្មោះតិច សុខដា ដែលជាអាជីវករនៅផ្សារឧត្តុង្គយ៉ាងស្ងៀមស្ងាត់ ។

កាលពីថ្ងៃទី ២៤ មេសាកន្លងទៅ សុន ស្រីពេជ្រ ក៏បានបង្ហោះរូបកូនរបស់នាងជាច្រើនសន្លឹកដែលកូនរបស់អ្នាងពិតជាខ្យូតៗគួរឲ្យស្រលាញ់ អមជាមួយនឹងសំណេរបង្ហាញពីទឹកចិត្តម្តាយមួយរូបដែលចង់ឲ្យកូនធំធាត់ឡើងប្រកបដោយគុណធម៌ ចេះគោរពចាស់ទុំនិងស្រលាញ់ក្រុមគ្រួសារ ។

អ្នកនាង សុន ស្រីពេជ្រ បានបង្ហោះសារនាពេលនោះមានខ្លឹមសារដើមទាំងស្រុងថា «អ្នកជាកំលាំងចិត្តខ្ញុំ ខ្ញុំចង់អោយអ្នកធំឡើងតាមដោយគន្លងធម៌ ស្រលាញ់ក្រុមគ្រួសារ ចេះអាណិតមេត្តាជួយដល់អ្នកដែលទន់ខ្សោយជាងខ្លួន តែអ្វីដែលខ្ញុំចង់បានខ្លាំងជាងនេះគឺត្រូវស្រលាញ់ខ្លួនឯងអោយបានច្រើងណានាងតូច » ៕