រឿងរ៉ាវ​របស់​លោក ស៊ុ​ក សុភា នៅ​អូស្ត្រាលី ក្រោយ​បាត់​មុខ​ពី​សិល្បៈ ជិត​១០​ឆ្នាំ

44

រាជធានី​ភ្នំពេញ​៖ អតីត​តារា​សម្តែង​លោក​ស៊ុ​ក សុភា បាន​ចាក​ចេញពី​ស្រុក​កំណើត​ទៅ​រស់នៅ​ដែន​កោះ​អូស្ត្រាលី​ច្រើន​ឆ្នាំ​មក​ហើយ ។ តើ​ជីវិត​របស់​លោក​នៅ​ទីនោះ​ក្នុង​ស្ថានភាព​បែប​ណា ?

រហូត​មក​ទល់​ពេល​នេះ​ជិត​១០​ឆ្នាំ​ហើយ​អតីត​តួឯក​នេន​ទុំ​លោក​ស៊ុ​ក សុភា បាន​ឃ្លាត​ចេញពី​ស្រុក​កំណើត​ដែល​ធ្លាប់​ល្បីឈ្មោះ​ទៅ​សាង​ជីវិត​គូ​ជាមួយ​អ្នក​នាង​សារី​ណា ជានា​រី​មេម៉ាយ​មានកូន ។ អ្នក​ទាំង​២​ស្រឡាញ់​គ្នា និង​រស់នៅ​សុខសាន្ត​លើ​ទឹកដី​អូស្ត្រាលី ។ ស៊ុ​ក សុភា បើ​ទោះជា​លោក​រស់នៅ​ឆ្ងាយ​ស្រុក​ក៏​ពិតមែន តែ​កេរ្តិ៍ឈ្មោះ​របស់​លោក​ក្នុង​ពិភព​សិល្បៈ​នៅ​តែ​មានការ​ចង​ចាំ ព្រោះ​លោក​មាន​ស្នាដៃ​ច្រើន ។ លោក​សម្តែង​ភាពយន្ត និង​បទ​ចម្រៀង​ខារ៉ាអូខេ​ឲ្យ​ផលិតកម្ម​ក្នុង​និង​ក្រៅ​ស្រុក​ជា​ច្រើន ។

ចំណែក​ភរិយា​របស់​លោក​ស៊ុ​ក សុភា អ្នក​នាង​សារី​ណា​វិញ ធ្លាប់​ដើរតួ​ក្នុង​បទ​ចម្រៀង​ខារ៉ាអូខេ​ឲ្យ​ផលិតកម្ម​ក្នុងស្រុក​មួយ​ដែល​ជា​របស់​លោក​ហ្វៃ សំអាង ក្នុង​បទ​ចម្រៀង​របស់​អ្នក​នាង​ម៉េ​ង កែវ​ពេ​ជ្ជ​តា ។ ដូចនេះ​ទាំង​២​នាក់​ប្តី​ប្រ​ព​ន្ឋ​គឺ​មាន​បទ​ពិសោធ​សិល្បៈ​ដូច​គ្នា ។

កាលពី​ពេល ថ្មី​ៗ​កន្លង​មក​មាន​ប្រភព​ឲ្យ​ដឹង​ថា​លោក​ស៊ុ​ក សុភា និង​ភរិយា​សារី​ណា នឹង​ចេញពី​ប្រទេស​អូស្ត្រាលី​ទៅ​កាន់​ប្រទេស​ញូ​វ​ហ្សឺ​ឡែ​ន ចូលរួម​សម្តែង​នៅ​ចុងខែ​ឧសភា​នេះ ។​ដំណឹង​នេះ​ធ្វើ​ឲ្យ​មានការ​ចាប់អារម្មណ៍​ខ្លាំង​ព្រោះ​តាំងពី​ទៅ​នៅ​អូស្ត្រាលី​មក​លោក​សុភា មិន​ដែល​ច្រៀង​រាំ​ទេ​ក្រៅពី​ចូលរួម​លើកទឹកចិត្ត​សិល្បករ​ដែល​ចេញពី​ក្នុងស្រុក​ទៅ​សម្តែង ។ ចាត់ទុកជា​រឿង​ពិសេស​មួយ​ដែល​លោក​ស៊ុ​ក សុភា និង​ភរិយា ចូលរួម​សម្តែង​ជូន​ជនរួមជាតិ​ខ្មែរ​រស់នៅ​ញូ​វ​ហ្សឺ​ឡែ​ន​ទស្សនា ។

រយៈពេល​១​ខែ​លោក​ស៊ុ​ក សុភា ទទួល​សម្តែង​ដោយ​សហការ​រួម​សម្តែង​ជាមួយ​តារា​មួយ​ចំនួន​ទៀត​ចេញពី​កម្ពុជា ។ ដូចនេះ​គេ​រំពឹង​ថា​លោក​ស៊ុ​ក សុភា នៅ​តែ​មានការ​គាំទ្រ​ពេញ​និយម​ស្រប​ពេល​ដែល​ឈ្មោះ​របស់​លោក​នៅ​តែ​មានការ​ទទួលស្គាល់​ពី​ទស្សនិកជន ។

ស៊ុ​ក សុភា និង​ភរិយា​ទោះ​នៅ​ឆ្ងាយ​ពី​មាតុភូមិ តែ​អ្នក​ទាំង​២​មាន​ទឹកចិត្ត ចូលរួម​ក្នុង​កម្មវិធី​សប្បុរសធម៌​ជួយ​សង្គម​នៅ​លើ​ទឹកដី​ស្រុក​កំណើត​ជា រឿយ​ៗ ។ លោក និង​ភរិយា​រមែង​ផ្ញើ​ប្រាក់​ជួយ​សិល្បករ​ចាស់ជរា ឬ​សិល្បៈ​មាន​បញ្ហា​ដើម្បី​ចែករំលែក​ការ​ស្រឡាញ់​ក្នុង​នាម​សិល្បៈ​ដូច​គ្នា ៕