លោក​ពេជ្រ ភិ​រុណ មិន​ហ៊ាន​ទៅ​ពិសា​របាយ​ជាមួយ​អតីត​ភរិយា អ្នក​នាង អម្ពរ ទេវី?

862

រាជធានី​ភ្នំពេញ​៖ ជាមួយនឹង​ការ​មក​ដល់​របស់​ អតីត​កំពូល​តារា​សម្តែង​អ្នក​នាង​អម្ពរ ទេវី នៅ​ថ្ងៃ​ទី ១១ ខែមករា ឆ្នាំ​២០១៨​នេះ ក៏​មាន​វត្តមាន​លោក​ពេជ្រ ភិ​រុណ អតីត​ស្វាមី​អ្នក​នាង​អម្ពរ​ទេវី​និង​កូនស្រី​មក​ទទួល​អ្នក​នាង​នៅ​ឯ​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ​ផង​ដែរ ។

ក្រោយ​ផ្តល់​បទ​សម្ភាសន៍​ដល់​អ្នក​សារព័ត៌មាន​ក៏​ដូច​ជា​ថតរូប​យ៉ាងច្រើន​ជាមួយនឹង​អ្នកគាំទ្រ​និង​សាច់ញាតិ​នៅ អ្នក​នាង​អម្ពរ ទេវី បាន​អញ្ជើញ​អតីត​ស្វាមី​គឺ​លោក ពេជ្រ ភិ​រុណ ដែល​ជា​អតីត​តារា​សម្តែង​ល្បីឈ្មោះ​ចាប់តាំងពី​ទស​វត្ស​ឆ្នាំ​៨០ និង​ឆ្នាំ​៩០ ហើយ​ក្រោយមក​ស្ទើរ​បាត់​មុខ​ពី​ក្រសែភ្នែក​ទស្សនិកជន​ទៅ​ប្រកប​មុខ​ជំនួញ ទៅ
ទទួលទាន​អាហារ​ជាមួយ​អ្នក​នាង​និង​សមាជិក​ក្រុម​គ្រួសារ តែ​ភ្លាម​ៗ​លោក ពេជ្រ ភិ​រុណ បាន​បដិសេធ ។

លោក ពេជ្រ ភិ​រុណ បាន​តប​ទៅ​អ្នក​នាង​អម្ពរ ទេវី​ថា ៖ «​ខ្ញុំ​ឥត​ចង់​ពាក់ព័ន្ធ​ជាមួយ​គាត់ ខ្លាច​គេ​ថា​ពាក់ព័ន្ធជាមួយគ្នា​» ។ មើលទៅ​លោក ពេជ្រ ភិ​រុណ​មិន​ចង់ឱ្យ​មានការ​យល់​ច្រឡំ​ណាមួយ​រវាង​ទំនាក់ទំនង​របស់​អ្នក​ទាំង ២ ដែល​ធ្លាប់​ជា​ស្វាមី​-​ភរិយា​ជាមួយ​គ្នា ឬ​ក៏​លោក​ខ្លាច​ស្វាមី​បច្ចុប្បន្ន​របស់​អ្នក​នាង​អម្ពរ ទេវី ប្រចណ្ឌ​ក៏​មិនដឹង ។ តែ​យ៉ាង
ណា​ក៏​ដោយ​អ្នក​នាង​អម្ពរ ទេវី និង​សាច់ញាតិ​ផ្សេង​ទៀត​បាន​អះអាង​ថា «​មិន​អី​ទេ​» ហើយ​ចុង​ក្រោយ​លោក​ក៏​ព្រមទៅ​ពិសារ​អាហារ​ថ្ងៃត្រង់​ទាំងអស់​គ្នា​។

យ៉ាងណាមិញ មុន​ការ​មក​ដល់​របស់​អ្នក​នាង​អម្ពរ ទេវី លោក​បាន​ផ្តល់​សម្ភាសន៍​ទៅ​កាន់​អ្នក​សារព័ត៌​មាននៅ​ឯ​ព្រ​លាន​យន្តហោះ​ថា លោក​នៅ​តែ​រាប់អាន​និង​រក្សា​ទំនាក់ទំនង​ដូច​បង​-​ប្អូន​ជាមួយ​អ​តី​ភរិយា​ជា​និច្ច ហើយ​លោក​ក៏​កោតសរសើរ​អតីត​ភរិយា​ដែល​ការ​សម្តែង​របស់​គាត់​គឺ​កាន់តែ​ខ្លាំង​ជាង​មុន ៕