ពិតជាមានសំណាងមែនដែលស្រីស្អាតរូបនេះស្រាប់តែជាប់អន្ទាក់បេះដូងបុរសក្នុងសុបិន្តបែរជាមិនហួងហែងបិទសិទ្ឋិហើយនៅតែបើកចិត្តឲទទួលយកអ្វីដែលធ្លាប់ធ្វើពីមុននៅលើវិថីសិល្បៈ។ ម្ល៉ោះហើយមិត្តភក្តិមួយចំនួនយល់ថានេះជាសំណាងមួយដែលប៉ះប្តីមិនចេះប្រចណ្ឌ។
បូរ័ត្ន ប៊ុនសុភាវី បានអះអាងថា គូដណ្ដឹងរបស់នាង បានស្រលាញ់ និងមើលចិត្តគ្នា តាំងពីឆ្នាំ២០១៥ មុននាងចូលប្រលងហ្វ្រេសសុីមកម្លេះ ហើយដោយសារតែនាង និងបុរសជាគូស្នេហ៍ កាន់តែយល់ចិត្តគ្នា ទើបចាស់ទុំផ្សំផ្គុំ។ តារាវ័យ២១ឆ្នាំរូបនេះបន្ត គូដណ្ដឹងរបស់នាង មានឈ្មោះថា សៅ ណារ៉ុង អាយុ២៦ឆ្នាំ និងជាអ្នកជំនួញម្នាក់ ដោយគ្រួសាររបស់លោក ក៍ជាអ្នករកស៊ី ដែលមានជីវភាពល្អប្រសើរផងដែរ។ យ៉ាងណាមិញនាងថា ហេតុផលដែលនាងស្រលាញ់គ្នា មិនមែនព្រោះតែស្ថានភាពគ្រួសារនោះទេ គឺដោយសារតែគូដណ្ដឹង មិនមែនជាមនុស្សប្រច័ណ្ឌនឹងការងារសិល្បៈ និងតែងផ្ដល់តម្លៃជានិច្ចអោយនាង ចាប់តាំងពីនាងបានក្លាយជាហ្វ្រេស៊ី។
ពិធីភ្ជាប់ពាក្យ បានធ្វើឡើងយ៉ាងអឹកអធឹកក្រោមក្រសែភ្នែកទាំងសងខាងនេះ គ្មានអ្នកណាម្នាក់មិនចាប់អារម្មណ៍នោះទេ ដោយសារតែនាងទើបតែកាន់ពានជា Freshies លេខ១ និងចាប់ផ្ដើមសំបូរការងារសម្ដែង។មហាជនបានជូនពរឲ្យកញ្ញានិងគូដណ្តឹងកាន់តែជោគជ័យទាំងជីវិតស្នេហានិងសិល្បៈ។