ឆៃ​លី​ដា​ឡែ​ន ​ចុះ​ចែក​អំណោយ​ជូន​ពូ​សុីក្លូ​ និង​ម៉ូតូឌុប​ទាំង​យប់​ស្ទើរ​ទប់ទឹក​ភ្នែក​មិន​បាន​!

17132

ខុស​ប្លែក​ពី​គេ​បន្តិច​អ្នក​នាង​ឆៃ​លី​ដា​ឡែ​ន​និង​ស្វាមី​ព្រមទាំង​សិល្បករ​មួយ​ចំនួន​បាន​សហការ​គ្នា​ចុះ​ចែក​សម្ភារៈ​ប្រើប្រាស់​មួយ​ចំនួន​ជូន​ដល់​លោក​អ៊ុំ​លោកពូ​ជា​អ្នក​ធាក់​សុីក្លូ​រត់​ម៉ូតូឌុប​ហើយ​សម្រាក​នៅ​តាម​ដង​វិ​ថី​នានា​គ្មាន​ទី​អាស្រ័យ​ត្រឹមត្រូវ​ជ្រក​ឲ្យ​កក់ក្តៅ​។​ មូលហេតុ​នេះ​ហើយ​ក្រោយ​ឃើញ​សភាព​ពិត​ទាំង​ឆៃ​លី​ដា​ឡែ​ន​និង​សហការី​ម្នាក់​ៗ​អួល​ដើម​ក​ដឹង​ពី​ភាព​លំបាក​។

លង់លក់​លើ​ម៉ូតូ​និង​សុីក្លូ​ជា​ពូក​ដ៍​កក់ក្តៅ​រុំ​ដោយ​ក្រ​ម៉ា​កន្សែង​ចាស់​ៗ​របស់​លោកតា​លោក​អ៊ុំ​ជា​អ្នក​រត់​សុីក្លូ​ម៉ូតូឌុប​ដោយ​ពួក​គាត់​យល់​ថា​ប៉ុណ្ណឹង​គឺ​សម​ល្មម​សម្រាប់​អ្នក​អត់​ទោះ​គេ​មើល​មក​មិន​សមរម្យ​ប៉ុន្តែ​នេះ​ជា​ជម្រើស​។ ​ខ្លះ​ទៀត​ដៃ​ឱប​កាយ​គ្មាន​អាវ​រងា​ញ័រញាក់​រិ​ត​តែ​ឃើញ​ហើយ​កាន់តែ​ក្តុល​ក្តួល​មួយទៀត​។ ​មូលហេតុ​នេះ​ហើយ​ទើប​ធ្វើ​ឲ្យតារាចម្រៀង​ឆៃ​លី​ដា​ឡែ​ន​និង​ក្រុមការងារ​ចង់​យំ​ផង​អរ​រំភើប​ផង​គ្រា​មាន​របស់របរ​ជួយ​សម្រួលការ​លំបាក​ដោយ​ឃើញ​សភាព​ស្តែង​ៗ​ចង់​ខ្លោចចិត្ត​។

អ្នក​នាង​ឆៃ​លី​ដា​ឡែ​ន​បាន​រៀបរាប់​ក្នុង​អារម្មណ៍​មួយ​អាណិត​ដល់​លោក​អ៊ុំ​លោកពូ​ទាំងនោះ​ថា​ពេល​នាង​ចុះ​ទៅ​ចែក​ខោអាវ​ភួយ​ម៉ុង​និង​ថវិកា​តិចតួច​តាម​ដងផ្លូវ​នាង​មាន​អារម្មណ៍​ថា​អាណិត​ពួក​គាត់​ឪពុក​គេ​ឪពុក​យើង​ដើម្បី​សម្រួល​ជីវភាព​សុខចិត្ត​សម្រាក​នៅ​តាម​ដងផ្លូវ​ត្រូវ​ភ្លៀង​ត្រូវ​ខ្យល់​ក្នុង​ពេល​ដែល​បងប្អូន​យើង​ខ្លះ​គាត់​មានផ្ទះ​ជ្រក​នៅ​ដោយ​ធាតុ​ពិត​នៅ​មាន​អ្នក​លំបាក​ច្រើន​។ ​អ្នក​នាង​ថា​ចំនុច​នេះ​សូម​ផ្តាំ​ដល់​បងប្អូន​ខ្លះ​ត្រូវ​តស៊ូ​ពុះពារ​ខំ​ប្រ​យុ​ទ្ឋ​ជាមួយ​ឧបសគ្គ​ដើម្បី​ជីវិត​កុំ​ផ្តេកផ្តួល​តាម​វាសនា​ត្រូវ​រើបម្រះ​កុំ​គិត​ខ្លី​។​

អំណោយ​ដែល​នាង​យក​ទៅ​ជូន​ផ្ទាល់​ដៃដល់​បងប្អូន​យើង​អ្នក​អត់​បាន​មក​ពី​សប្បុរសជន​នានា​ដែល​រាប់អាន​នាង​ខ្លះ​គាត់​ពេញចិត្ត​គាត់​ជួយ​បន្តិច​ម្នាក់​ៗ​ហើយ​នាង​ក៍​សូម​អរគុណ​ចំពោះ​ទឹកចិត្ត​ដ៍​ប្រពៃ​នេះ​។ ​អ្វី​ដែល​សំខាន់​គឺ​ក្រុមការងារ​រីករាយ​បាន​ធ្វើបុណ្យ​ទាន់​ខែភ្លឺ​ព្រោះ​ឱកាស​បុណ្យ​ដាក់​បិណ្ឌ​ភ្ជុំបិណ្ឌ​ជិត​មក​ដល់​ហើយ​បាន​ធ្វើ​កាយវិការ​ល្អ​បែប​នេះ​ក្នុង​ចិត្ត​វិញ​មាន​ភាព​អំណរ​ណាស់​ក្រោយ​ឃើញ​ស្នាមញញឹម​របស់​ពួក​គាត់​។