អ្នក​ណាខ្លះ​ធ្លាប់​បាន​ស្តាប់​បទ​ភ្លេង «​ក្ងោក​កកាយ​» ?

344

រាជធានី​ភ្នំពេញ​៖ មរតក​វប្បធម៌​ខ្មែរ​ពិតជា​ល្អ​ឯក ទាំង​ទម្រង់​បុរាណ​និង​សម័យ ។ ក៏​ប៉ុន្តែ​ក្មេង​សម័យ​បច្ចុប្បន្ន​មួយ​ភាគ​ធំ ងាក​ទៅ​គាំទ្រ​ខ្លាំង​លើ​ទម្រង់​សម័យ ដូច​បងប្អូន​បានឃើញ​តាម រយៈ​ការ​ប្រគុំ​តន្ត្រី​កំសាន្ត​នៅ​តាម​ស្ថានីយទូរទស្សន៍ ក៏​ដូច​ជា​ការ​ប្រគុំ​តន្ត្រី​តាម​បណ្តា​ខេត្ត​-​ក្រុង រាជធានី​នានា គឺ​កម្ររ​ឃើញ​នូវ​ការ​លេង​ភ្លេងបុរាណ ឬ​ក៏​របាំ​បុរាណ​ផ្សេង​ៗ​ណាស់ ។

យ៉ាងណាមិញ មាន​វី​ដេ​អូ​ឃ្លី​ប​មួយ​ចំនួន​ជា​រូបភាព និង​មាន​ជា​ការ​ថត​សម្លេង​ផង​នោះ បាន​បង្ហោះ​ក្នុង​ផេ​ក Living With Heritage Project ឬ ហៅ​ថា «​ការ​រស់នៅ​ជាមួយ​គម្រោង​បេតិកភណ្ឌ​» នូវ​ភ្លេង​មួយ​ចំនួន​ដែល​កម្រ​នឹង​មាន​វត្តមាន​លើ​ឆាក​ឬ​កញ្ចក់​ទូរទស្សន៍​ខ្លាំង​ណាស់ ។ បទ​ភ្លេង​ទាំងនោះ​មាន​ដូច​ជា «​បទ​ភ្លេង​ក្ងោក​កកាយ​», «​រា​មន្ត (​វង់ភ្លេង​អារក្ស តា​មុត ភូមិ​ក្រសាំង ស្រុក​កំពង់ស្វាយ​) និង «​ពាក្យ​សូត្រ​ពេល​ពូត បាយបិណ្ឌ​» ជាដើម​។

ម្ចាស់​ផេ​កបាន​បង្ហោះ​សារ​ឲ្យ​ដឹង​ថា «​កាលពី​ពេល​ថ្មី​ៗ​កន្លង​ទៅ​នេះ ក្រុមការងារ​ផេ​ក​របស់​យើងខ្ញុំ បាន​ទទួល​ប្រាក់​ឧបត្ថម្ភ​ខ្លះ​ៗ​ពី​អ្នក​ដែល​ស្រលាញ់​ការងារ​ស្រាវជ្រាវ​វប្បធម៌​ខ្មែរ​។ យើង​បាន​បង្កើត​គម្រោង​ថត​សម្លេង​ចម្រៀង​អារក្ស​របស់​ក្រុម​ភ្លេង​១​វង់​ក្នុងភូមិ​មួយ​នា​ខេត្តកំពង់ធំ បំណង​នឹង​រក្សា​កេរ្តិ៍​មរតក​នេះ​បាន​យូរអង្វែង​ទៅ​មុខ​ទៀត​។ ការងារ​នោះ​ទទួល​បាន​ផ្លែផ្កា​ល្អ​ប្រសើរ ដោយ​មានការ​ចូលរួម​ជ្រោមជ្រែង​ស្ម័គ្រចិត្ត​ពី​អ្នកជំនាញ​ខាង​ថត​សម្លេង ថតរូប​ភាព សម្ភាសន៍​ជាដើម​។ ចំនួន​សរុប​ចម្រៀង​អារក្ស​ដែល​បាន​ថត​ទាំងអស់​ក្នុង​ក្រុម​នេះ​មាន​ចំនួន​៣៦​បទ ដែល​ជា​បទ​ចាស់​ៗ​រៀន​ចេះ​ចាំ​ត​ៗ​គ្នា​មក​ក្នុង​ប្រ​វត្ត​ក្រុម​ភ្លេង​។ យើង​នៅ​មិន​ទាន់​ប្រាកដប្រជា​ថា​តើ​យើង​នឹង​យក​សម្លេង​ទាំងនេះ​ទៅ​ធ្វើ​អ្វី​បន្ទាប់​មក​ទៀត ប៉ុន្តែ​ច្បាស់​ណាស់​ថា យើង​បាន​ប្រមូល​សម្លេង​ទាំងនេះ​រក្សា​ទុក​បាន​យ៉ាង​ល្អ​ប្រសើរ​។ យើងសង្ឃឹមថា​គម្រោង​ថត​សម្លេង​ភ្លេងអារក្ស​ក្នុង​វង់ភ្លេង​ដទៃ​ផ្សេង​ទៀត នឹង​អាច​ប្រព្រឹត្ត​ទៅ​បានជា​បន្តបន្ទាប់ តាម​រយៈ​ការ​ចូលរួម​គាំទ្រ​និង​ឧបត្ថម្ភ​»​។

ផេ​ក​ដដែល​បាន​បញ្ជាក់​ថា ក្រុមការងារ​គ្រោង​នឹង​រៀបចំ​ថត​ចម្រៀង​អារក្ស​របស់​ក្រុម​តា​មុត មាន​ប្រមាណ​៣៥​បទ​។ ការ​នេះ​ប្រព្រឹត្ត​ទៅ​បាន ដោយ​មានការ​ឧបត្ថម្ភ​ប្រាក់​ខ្លះ​ៗ​ពី​ស្ត្រីជាតិ​អា​មេ​រិ​កាំ​ង​ម្នាក់ និង មានការ​ជ្រោមជ្រែង​ជំនួយ​បច្ចេកទេស​ពី​អ្នកជំនាញ​ថត​សម្លេង​មក​ពី​ភ្នំពេញ​។ នេះ​ជា​បំណង​សំខាន់​របស់​យើង ក្នុង​ការ​ចងក្រង​សម្លេង​ចម្រៀង​ទាំងនេះ​រក្សា​ទុក​។ ហើយ​យើង​សង្ឃឹមថា គម្រោង​លើក​ដំបូង​នេះ​ជា​ផ្លូវ​ត្រួសត្រាយ​សម្រាប់​គម្រោង​ថត​សម្លេង​ក្រុម​ភ្លេងអារក្ស​ផ្សេង​ៗ​បន្តបន្ទាប់​ទៀត​ក្នុង​ថ្ងៃ​ខាង​មុខ​»​។

យ៉ាងណា​ក៏​ដោយ យើងខ្ញុំ​សូម​លើកទឹកចិត្ត​សម្រាប់​ក្រុមការងារ​ដែល​បាន​ខិតខំ​គាស់កកាយ ចងក្រង​ជា​រូបភាព​វី​ដេ​អូ ការ​ថត​ជា​សម្លេង (Sound cloud) នូវ​បទ​ភ្លេងបុរាណ ដែល​បាន​កប់​បាត់​នៅ​តាម​តំបន់​មួយ​ចំនួន ។

តោះ​ទៅ​ទស្សនា​និង​ស្តាប់​ទាំងអស់​គ្នា​នូវ​វី​ដេ​អូ​ឃ្លី​ប​មួយ​ដែល​មាន​លោកគ្រូ​ៗ​បាន​លេង​ឧបករណ៍​ភ្លេង​ជា​ច្រើន​មុខ​បញ្ចូល​គ្នា នូវ «​បទ​ភ្លេង​ក្ងោក​កកាយ​» ថា​ពិតជា​ពិ​រោះ​រណ្តំ យ៉ាងណា ៕

ក្ងោកកកាយ

បទភ្លេងក្ងោកកកាយ @ភូមិក្រសាំង / កំពង់ស្វាយ

បាន​បង្ហោះ​ដោយ Living with Heritage Project នៅ ថ្ងៃ​ច័ន្ទ 10 កញ្ញា 2018