ក្តៅ​! ក្រសួង​ព័ត៌មាន​ហ៊ា​ម​មិន​ឲ្យ​ចាក់​ផ្សាយ​បទ​ចម្រៀង «​សល់​តែ​ចិត្ត​ស្មោះ​»

18486

រាជធានី​ភ្នំពេញ​៖ ក្រសួង​ព័ត៌មាន​បាន​បញ្ជារ​ទៅ​កាន់​ម្ចាស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទាំងអស់ បញ្ឈប់​ការ​ចាក់​ផ្សាយ​បទ​ចម្រៀង​មាន​ចំណងជើង​ថា «​សល់​តែ​ចិត្ត​ស្មោះ​» ច្រៀង​ដោយ​លោកស្រី កែវ ច័ន្ទ​ស​ម្ជ​ស្ស របស់​ផលិតកម្ម​ខ្មែរ​អមតៈ ។

ការ​បញ្ជារ​ឲ្យ​បញ្ឈប់​ការ​ចាក់​ផ្សាយ​បទ​ចម្រៀង​ខាងលើ គឺ​យោង​តាម​ការ​ស្នើ​សុំ​របស់​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ «​ព្រោះ​អត្ថន័យ​បទ​ចម្រៀង​នេះ បាន​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​តម្លៃ​ការងារ​របស់​អ្នកបំរើ​ការងារ​តាម​ផ្ទះ​ដែល​ច្បាប់​ស្តី​ពី​គាំពារ ជា​ពិសេស​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា បាន​នឹង​កំពុង​ផ្តោត​ការ​យកចិត្តទុកដាក់ និង​ផ្តល់​កិច្ច​គាំពារ​ដល់​ពួក​គាត់​ដែល​បំរើ​ការងារ​តាម​ផ្ទះ​»​។

លិខិត​ក្រសួង​ព័ត៌មាន​ចុះ​ថ្ងៃ​ទី ១៧ កញ្ញា ឆ្នាំ​២០១៨ និង​ចុះហត្ថលេខា​ដោយ​រដ្ឋមន្ត្រី​ខៀវ កា​ញា​រិ​ទ្ធ បាន​បញ្ជាក់​ថា «​ដូច្នេះ​ដើម្បី​ជៀសវាង​ប៉ះពាល់​ដល់​អារម្មណ៍ និង​តម្លៃ​របស់​បងប្អូន​អ្នកបំរើ​ការងារ​តាម​ផ្ទះ​ដែល​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា បាន​នឹង​កំពុង​ផ្តោត​ការ​យកចិត្តទុកដាក់ និង​ផ្តល់​កិច្ច​គាំពារ​ដល់​ពួក​គាត់ ព្រមទាំង​ត្រូវ​បាន​គាំពារ​ដោយ​ច្បាប់​រដ្ឋ ក្រសួង​ព័ត៌មាន​សូម​ឯកឧត្តម លោក​ជំទាវ លោក លោកស្រី​ម្ចាស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទាំងអស់ បញ្ឈប់​ការ​ចាក់​ផ្សាយ​បទ​ចម្រៀង​ដែល​មាន​ចំណងជើង​ថា «​សល់​តែ​ចិត្ត​ស្មោះ​» របស់​ផលិតកម្ម​ខ្មែរ​អម​តះ ចាប់ពី​ថ្ងៃ​ជូនដំណឹង​នេះ​តទៅ​» ។

យ៉ាងណាមិញ បទ​ចម្រៀង​មួយ​បទ​នេះ ក៏​ត្រូវ​បាន​លុប​ចេញពី​យូ​ធូប​ផង​ដែរ កាលពី​ថ្ងៃ​ទី ១៨ កញ្ញា ឆ្នាំ​២០១៨ នេះ​៕