ជាបេក្ខនារីមួយរូបនៃកម្មវិធីប្រឡងចម្រៀងលំដាប់ថ្នាក់អន្តរជាតិ The Voice Kids Cambodia រដូវកាលទី ២ មកពីខេត្តបាត់ដំបង បានធ្វើឲ្យអ្នកទស្សនាទះដៃកោតសរសើរនឹងសម្លេងដ៏ស្រទន់ ពេលដែលនាងចាប់ផ្តើមបកស្រាយនូវចម្រៀងមួយបទ ដែលមានចំណងជើងថា «អ្នកម្ដាយកម្សត់» ហើយអ្វីដែលកាន់តែពិសេសនោះ គឺក្មេងស្រីរូបនេះបានអន្ទងចិត្ត Coaches ទាំង ៣ គឺកញ្ញា ឱក សុគន្ធកញ្ញា លោកព្រាប សុវត្តិ និងកញ្ញា សួស វីស្សា គោះប៊ូតុងដណ្តើមយកក្មេងស្រីរូបនេះចូលក្នុងក្រុមរបស់ខ្លួន ។
ក្មេងស្រីវ័យ ១៤ ឆ្នាំ ម៉ៅ ចិន្តា មកពីខេត្តបាត់ដំបងដែលកំព្រាម្តាយ (ឪពុក-ម្តាយបែកបាក់គ្នា) បានបង្ហើរសម្លេងយ៉ាងក្រអួនក្រអៅ អមជាមួយនឹងការដាក់មនោសញ្ចេតនាបានយ៉ាងល្អ ជាពិសេសការស្រែកតម្អូញតម្អែរ បកស្រាយបទចម្រៀង «អ្នកម្ដាយកម្សត់» សម្រាប់វគ្គ The Blind Audition សប្តាហ៍ទី ៦ ដែលបានចាក់ផ្សាយនៅកញ្ចក់ទូរទស្សន៍ក្នុងស្រុកកាលពីរាត្រីថ្ងៃ សៅរ៍ ទី ២២ ខែកញ្ញា ឆ្នាំ ២០១៨ នេះ ។
គ្រាន់តែបកស្រាយបទចម្រៀងចប់ភ្លាម Coach កញ្ញា ឱក សុគន្ធកញ្ញា បានបញ្ចេញខមមិនពេញចិត្តចំពោះសម្លេងប្អូនស្រី ម៉ៅ ចិន្តា ដែលបានធ្វើយ៉ាងល្អសម្រាប់ការបកស្រាយនូវបទចម្រៀងមនោសញ្ចេតនា មួយបទនេះ ជាពិសេសគឺប្អូនស្រីចិន្តា «មានទឹកដមសម្លេងល្អ ហើយ vibration ក៏ល្អទៀតចាស ហើយជ្រើសរើសនូវបទចម្រៀងមួយបទ ដែលយកមកប្រឡងនៅក្នុងថ្ងៃនេះគឺស័ក្តសមជាមួយនឹងសមត្ថភាពសម្លេង» ។
ចំណែកលោក ព្រាប សុវត្តិ វិញកោតសរសើរចំពោះសមត្ថភាពរបស់ប្អូនស្រី ថាចេះប្រើសម្លេងបានល្អដូចតារាចម្រៀងអាជីព ហើយសម្រស់វិញគឺស្រស់ស្អាត ។
សម្រាប់កញ្ញា សួស វីស្សា វិញក៏បានលើកឡើងថាប្អូនស្រី ម៉ៅ ចិន្តា ពិតជាធ្វើបានល្អ ដោយមានការលើកដាក់សម្លេងបានត្រឹមត្រូវ ទន់ភ្លន់ និងតម្អូញតម្អែរបានយ៉ាងល្អតាមបទចម្រៀង ។ Coach រូបនេះបន្តថាក្មេងស្រីរូបនេះពិតជាជ្រើសរើសបទចម្រៀងត្រូវនឹងសម្លេងរបស់ប្អូនតែម្តង ។
កាន់តែជក់ចិត្ត ដិតអារម្មណ៍នោះ គឺ Coach ព្រាប សុវត្ថិ ដែលសមាជិកក្នុងក្រុមភាគច្រើនជាបុរស ដោយសារតែចង់លួងលោមប្អូនស្រីឲ្យចូលរួមក្រុមរបស់ខ្លួន បានបោះសម្តីគួរឲ្យខ្នាញ់បំផុត បង្អាប់ទៅ Coach ឱក សុគន្ធកញ្ញា និង កញ្ញា សូស វីស្សា ថា Coach ស្រីស្អាតទាំង២ មានសមាជិកក្រុមច្រើនតែជាកុមារី អញ្ចឹងប្អូនស្រី ម៉ៅ ចិន្តា កុំចូលរូមក្រុមអី គឺដឹងតែគេទម្លាក់នាងចោលនៅវគ្គ The Battle ហើយ ។
យ៉ាងណាមិញ នៅទីបំផុតការសម្រេចចិត្តរបស់បេក្ខនារីវ័យក្មេងរូបនេះបានសម្រេចចិត្តចូលរួំក្រុមជាមួយនឹង Coach សូស វីស្សា ។
ចង់ដឹងថាសម្លេងប្អូនស្រី ម៉ៅ ចិន្តា ដែលរស់នៅជាមួយឪពុក ដែលមានមុខរបរធ្វើពាងលក់ ពិរោះរណ្តំ សម្លេងផ្អែមល្អែម និងអន្លង់អន្លោចយ៉ាងណាក្នុងការបកស្រាយបទចម្រៀង ដែលអាចទាក់ចិត្ត Coach ទាំង ៣ ឲ្យចុចប៊ូតុង ដណ្តើមរួបនាង តោះទៅទស្សនាទាំងអស់គ្នា ៕
វីដេអូ ៖