ឈុតបំផុសល្ខោនខោលរបស់តារាចម្រៀង១ដួង កំពុងកក្រើក (មានវីដេអូ)

52

ទើបតែ​ចេញ​ក្ដៅ​ប៉ុណ្ណោះ MV បទ​ចម្រៀង​ក្រោម​ចំណងជើង​ថា ​«​តួ​ចិត្តអាក្រក់​»​ ដែល​បកស្រាយ​ដោយ​តារាចម្រៀង​លោក ជ័យ សុ​វ៉ា​ត ដោយ​បទ​ចម្រៀង​មួយ​បទ​នេះ​របស់​លោក គ្រាន់តែ​ត្រូវ​បាន​ផេ​ក​របស់​ផលិតកម្ម​សាន់​ដេ​ចេញ​បង្ហោះ​មិន​ទាន់​បាន​ប៉ុន្មាន​ផង ក៏​មានការ​ចែកចាយ និង​ការ​សរសើរ​ពី​សំណាក់​ហ្វេ​ន​ៗ​តែ​ម្ដង ដោយសារ​តែ​នេះ​ជា​បទ​ដំបូង ដែល​លោក ជ័យ សុ​វ៉ា​ត បាន​រំលេច​នូវ​សិល្បៈ​ល្ខោនខោល ហើយ​ស្ដាប់​ទៅ​ពីរោះ​មិនធម្មតា​។ អ្នកគាំទ្រ​ជា​ច្រើន​រំពឹង​ជំនួស​សាមីខ្លួន ថា​បទ​ចម្រៀង​មួយ​បទ​នេះ នឹង​ដក់​ក្នុង​អារម្មណ៍​អ្នក​ស្នេហា​វិស័យ​ចម្រៀង​ភាគច្រើន​នោះ​ផង​។

អ្នក​បាន​ស្ដាប់​បទ​ចម្រៀង ​«​តួ​ចិត្តអាក្រក់​» ​របស់​លោក​ ជ័យ សុ​វ៉ា​ត គ្មានអ្នកណា​ម្នាក់មិន​សរសើរ​ចំពោះ​ MV មួយ​បទ​នេះ​របស់​លោក​នោះ​ទេ ដោយសារ​តែ​បទ​ចម្រៀង​មួយ​បទ​នេះ​ហាក់​ចាក់​ដោត​ត្រូវ​អារម្មណ៍​អ្នកគាំទ្រ​ទាំង​បទ​ភ្លេង អត្ថន័យ និង​ជា​ពិសេស​ជាងគេ គឺ​ការ​រំលេច​ល្ខោនខោល​ដែល​លោក​បាន​ប្រើ​ជា​ការ​សម្ដែង​នៅ​ក្នុង​សាច់​ចម្រៀង ដែល​ធ្វើ​អោយ​ម្នាក់​ៗ​មានការ​ចាប់អារម្មណ៍​នោះ​តែ​ម្ដង​។

នៅ​ក្នុង​បទ​នេះ លោក​មិន​ត្រឹមតែ​តែង​តួ​ជា​យក្ស​ក្នុង​សិល្បៈ​ល្ខោនខោល​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​លោក​ត្រូវ​គេ​ដឹង​ថា​បាន​ហាត់​រាំ​ល្ខោនខោល​ដើម្បី​អោយ​សម្ដែង​បាន​សមនៅ​ក្នុង​MV មួយ​បទ​នោះ​ដែរ​។ ធៀប​នឹង​បទ​ផ្សេង​ៗ​របស់​លោក​ដែល​បាន​ចេញ​ក្នុង​ផលិតកម្ម​សាន​ដេ គេ​កត់​សម្គាល់ថា​ចម្រៀង​មួយ​បទ​«​តួ​ចិត្តអាក្រក់​»​របស់​លោក​បកស្រាយ​បាន​ពីរោះ ហើយ​សម្រាប់​សាច់ភ្លេង​ក៏​លាយ​ឧបករណ៍​តន្ត្រី​ខ្មែរ ធ្វើ​អោយ​ស្ដាប់​ទៅ​ប្លែក​ត្រចៀក និង​មាន​លក្ខណៈ​ជាតិ​គួរ​ឲ្យ​សរសើរ ខណៈ​ដែល​ការ​រំលេច​ឈុត​ឆាកល្ខោន​ខោល​ក្នុង​វគ្គ​លោក​ច្បាំង នឹង​ព្រះ​រាម ដណ្ដើម​យក​ព្រះ​នាង​សិ​តា ក៏​ជា​អ្វី​ដែល​ធ្វើ​អោយ​MV មួយ​បទ​នេះ ក្លាយជា​បទ​ដក់​ក្នុង​អារម្មណ៍​អ្នក​បាន​ស្ដាប់​។

មក​ទល់​ម៉ោង​នេះ គេ​ឃើញ​មាន​អ្នក​ចែកចាយ​បទ​ចម្រៀង​មួយ​បទ​ច្រើន​នាក់ បង្ហោះ​ពាក្យ​ថា ពីរោះ​ណាស់​! មាន​ន័យ​ណាស់​! អម​ដោយ​ការ​សរសើរ​ថា​លោក ជ័យ សុ​វ៉ា​ត គឺជា​អាយ​ដល​នៅ​ក្នុង​វិស័យ​ចម្រៀង​។ យ៉ាងណាមិញ គេ​មិន​ទាន់​ដឹង​ថា​ម្ចាស់​បទ​ចម្រៀង គឺ​លោក ជ័យ សុ​វ៉ា​ត មាន​អារម្មណ៍​បែប​ណា ក្រោយ​ចម្រៀង​មួយ​បទ​ត្រូវ​បាន​អ្នក​ស្នេហា​វិស័យ​ចម្រៀង​ចាប់អារម្មណ៍​នោះ​ទេ ក្នុង​ពេល​ដែល​គេ​បាន​ត្រឹមតែ​ដឹង​ថា​សាច់​រឿង​ក្នុង​បទ​ចម្រៀង​នេះ គឺ​ការ​បំផុស​ល្ខោនខោល​មួយ​ដ៏​ធំ នៅ​ក្នុង​បរិបទ​ដែល​យុវវ័យ​ភាគច្រើន​ងាក​មក​គាំទ្រ​សិល្បៈ​បុរាណ​មួយ​នេះ​វិញ​៕