ស្រី​ស្អាត រ័​ត្ន រចនា សឹង​ស្រក់​ទឹកភ្នែក​នៅ​ពេល​បទ «​មេម៉ាយ​សប្បាយចិត្ត​» ដែល​ជួយ​ឲ្យ​នាង​ល្បី​កក្រើក ត្រូវ​បាន​គេ​ធ្វើ​រឿង​ម្យ៉ាង​ជូន​នាង​!

252

តារាចម្រៀង​ស្រី​ស្រស់​ស្អាត រ័​ត្ន រចនា ដែល​បាន​គាស់កកាយ​បទ​ច្រៀង​ពី​ជំនាន់​ដើម​មួយ​បទ​ដែល​មាន​ចំណងជើង​ថា «​មេម៉ាយ​សប្បាយចិត្ត​» ផ្ទុះ​ឡើង​វិញ​ម្តងទៀត រហូត​យុវវ័យ​និង​មហាជន​ទូទៅ​ចាក់​ស្តាប់​សឹង​គ្រប់​ទីកន្លែង បាន​ពោល​ទាំង​រំភើប​នៅ​ពេល​ដែល​បទ​ចម្រៀង​ជំនាន់​ដើម​មួយ​បទ​នេះ​បាន​ជួយ​ឲ្យ​រក​នាង​ល្បី ហើយ​អ្វី​ដែល​កាន់តែ​ពិសេស​នោះ គឺ​ពេល​នេះ​បទ​ចម្រៀង «​មេម៉ាយ​សប្បាយចិត្ត​» ត្រូវ​បាន​យក​មក​ថត​ជា MV ដែល​មាន​រូប​កញ្ញា​បកស្រាយ​និង​សម្តែង​ក្នុង​វី​ដេ​អូ​នោះ​តែ​ម្តង ។

បទ​ចម្រៀង «​មេម៉ាយ​សប្បាយចិត្ត​» ដែល​ជា​សំនៀង​ដើម​របស់​អ្នកស្រី ប៉ែន រ៉​ន បាន​ផ្ទុះ​ជា​ថ្មី​នៅ​ពេល​ដែល​តារាចម្រៀង​ស្រី​ស្អាត​សាច់​សខ្ចី ត្រ​លុក​ត្រ​លន់ កញ្ញា រ័​ត្ន រចនា បកស្រាយ​នៅ​កម្មវិធី​មួយ​នៅ​ខេត្ត ស្វាយ​រៀង ហើយ​ត្រូវ​បាន​លោកគ្រូ​ភ្លេង​យក​មក Live និង​បង្ហោះ​ក្នុងបណ្តាញ​សង្គម ។ បទ​ចម្រៀង​ជំនាន់​ដើម​មួយ​នេះ មិន​ត្រឹមតែ​ធ្វើ​ឲ្យ​មហាជន​ពេញចិត្ត​ខ្លាំង​នោះ​ទេ តែ​ក៏​បាន​ផ្លាស់​ប្តូរជីវិត កញ្ញា រ័​ត្ន រចនា ដែល​ខិតខំ​តស៊ូ​ក្នុង​អាជីព​សិល្បៈ​ជិត ២០​ឆ្នាំ​តែ​ឥត​សូវ​មាន​អ្នក​ស្គាល់ ងាក​មក​ស្វាគមន៍​និង​សរសើរ​មិន​ដាច់​ពី​មាត់​ថា កញ្ញា រ័​ត្ន រចនា បកស្រាយ​បទ «​មេម៉ាយ​សប្បាយចិត្ត​» បែប​កន្ត្រាក់​និង​ពិ​រោះ​រណ្តំ​ខ្លាំង ជា​ពិសេស​សម្លេង​របស់​កញ្ញា ពេល​បកស្រាយ​បទ​នេះ​គឺ​ពិតជា​ពិ​រោះ​ខ្លាំង និង​លះ​បាន​ល្អ​មែនទែន ។

អ្វី​ដែល​ធ្វើ​ឲ្យ​តារាចម្រៀង កញ្ញា រ័​ត្ន រចនា រំភើប​ស្ទើ​ស្រក់​ទឹកភ្នែក​នោះ គឺ​បទ​ចម្រៀង «​មេម៉ាយ​សប្បាយចិត្ត​» ត្រូវ​បាន​យក​យក​ថត​នៅ​ស្ទូ​ឌី​យោ​និង​ផលិត​ជា វី​ដេ​អូ ទៀត​ផង ហើយ​កញ្ញា សង្ឃឹមថា​បងប្អូន​នឹង​គាំទ្រ​បទ​ចម្រៀង​មួយ​បទ​នេះ​ឲ្យ​បាន​ខ្លាំងក្លា​ផង​ដែរ ។

សូម​បញ្ជាក់​ថា កញ្ញា រ័​ត្ន រចនា មាន​ប្រវត្តិ​តស៊ូ​ក្នុង​វិស័យ​សិល្បៈ​តាំងពី​កុមារភាព ដោយ​អ្នក​ម្តាយ​របស់​ប្អូន​បាន​ធាក់​កង់​ដើរ​សុំ​គេ​ឲ្យ​ប្អូន​បាន​ច្រៀង​នៅ​ភោជនីយដ្ឋាន ដើម្បី​រក​ចំណូល​ជួយ​ដល់​ក្រុម​គ្រួសារ ។ ភាព​ល្បីល្បាញ​របស់​ប្អូនស្រី​គឺ ផ្តើម​ចេញពី​ការ​ផ្សាយ​ផ្ទាល់​តាម​ហ្វេ​សប៊ុ​ក​នៃ​ការ​ប្រគំ​តន្ត្រី​មួយ​នៅ​ខេត្តស្វាយរៀង ដោយ​លោកគ្រូ​ភ្លេង​មួយ​រូប ដែល​វី​ដេ​អូ​នោះ​បាន​ទាក់ទាញ​ចិត្ត​អ្នក​ស្តាប់​ខ្លាំង និង​បាន​ជួយ​ឲ្យ​ជីវិត​តារាចម្រៀង កញ្ញា រ័​ត្ន រចនា មានការ​ប្រែប្រួល មានឱកាស​បាន​ឡើង​ច្រៀង​នៅ​កម្មវិធី​ផ្សាយ​ផ្ទាល់​តាម​កញ្ចក់​ទូរទស្សន៍​ជា​ច្រើន​ហូរហែរ ។

តារាចម្រៀង​ស្រី​ស្រស់ ដែល​មាន​រូបរាង​ទ្រលុកទ្រលន់ និង​មាន វ័យ​៣០​រូប​នេះ បាន​លើក​ឡើង​ថា នាង​មិន​ដែល​គិត​ថា​ខ្លួន​នាង​ទទួល​បានការ​គាំទ្រ និង​ស្គាល់​ច្រើន​ដូច​ពេល​នេះ​ពី​មុន​មក​នោះ​ទេ ហើយ​កញ្ញា បាន​សម្តែង​នូវ​ការ​អរគុណ​ជា​អនេក​ដល់​លោកគ្រូ​ភ្លេង​ដែល​បាន​ថត​ពី​ការ​ប្រគុំ​តន្ត្រី​នៅ​ខេត្តស្វាយរៀង​រហូត​ធ្វើ​ឲ្យ​កញ្ញា ទទួល​បានការ​គាំទ្រ​ពី​បងប្អូន​ខ្មែរ ជា​ពិសេស​គឺ​បាន​ធ្វើ​ឲ្យ​បទ​ជំនាន់​មួយ​នេះ ផ្ទុះ​កក្រើក​ឡើង​វិញ​ម្តងទៀត​៕