រំភើប​ស្ទើរ​ស្រក់​ទឹកភ្នែក ជោគជ័យ​ហើយ ល្ខោនខោល​ខ្មែរ ត្រូវ​បាន​ចុះបញ្ជី​យូ​ណេ​ស្កូ​ផ្លូវការ​ហើយ​!

104

ពិតជា​រំភើប​ណាស់ និង​ពិតជា​មាន​មោទនភាព​ខ្លាំង​ណាស់ ព្រោះ​ល្ខោនខោល​វត្ត​ស្វាយ​អណ្តែត (Lkhon Khol Wat Svay Andet) របស់​កម្ពុជា ត្រូវ​បាន​ចុះ​ក្នុង​បញ្ជី​បេតិកភណ្ឌ​វប្បធម៌​អរូបី​របស់​អង្គការ​យូ​ណេ​ស្កូ​ផ្លូវការ​ហើយ នា​អំឡុង​នៃ​សម័យប្រជុំ​លើក​ទី​១៣​នៃ​គណៈកម្មាធិការ​អន្តររដ្ឋាភិបាល​សម្រាប់​ការ​ថែរក្សា​បេតិកភណ្ឌ​វប្បធម៌​អរូបី​នៅ​មជ្ឈមណ្ឌល Swami Vivekananda International Convention Centre (SVICC) ក្រុង Port Loiuis នៅ​ថ្ងៃ​ទី​២៨ ខែវិច្ឆិកា ឆ្នាំ ២០១៨ នេះ ។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ ចុះ​ថ្ងៃ ទី ២៨ វិច្ឆិកា​នេះ​បាន​បញ្ជាក់​ឲ្យ​ដឹង​ថា​ក្នុង​កិច្ចប្រជុំ​លើក​ទី ១៣ នៃ​គណៈកម្មាធិការ​អន្តររដ្ឋាភិបាល​សម្រាប់​ការ​ថែរក្សា​បេតិកភណ្ឌ​វប្បធម៌​អរូបី​នៅ​ទីក្រុង​ព័រ​ល្វី សាធារណរដ្ឋ​ម៉ូ​រី​ស បាន​អនុម័ត​យល់ព្រម​ចុះ ល្ខោនខោល ចូល​ក្នុង​បញ្ជី​បេតិកភណ្ឌ​វប្បធម៌​អរូបី​នៃ​មនុស្សជាតិ តាម​សេចក្តីសម្រេច Decision13.COM.10.a.3 ។

លិខិត​របស់​ក្រសួង​បាន​បញ្ជាក់​ថា «​ការ​សម្រេច​របស់​គណៈកម្មការ​អន្តរជាតិ​នៃ​អង្គការ​យូ​ណេ​ស្កូ​ពេល​នេះ គឺជា​មោទនភាព​ដ៏​ធំធេង​ថ្មី​មួយទៀត ដែល​កើត​ចេញពី​ការ​ខិតខំ​ប្រឹងប្រែង​របស់រាជរដ្ឋាភិបាល​កម្ពុជា​» ក្រោម​ការ​ដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា ដែល​ជា​និច្ច​ជា​កាល​តែងតែ​ផ្តល់​អាទិភាព​ខ្ពស់​ចំពោះ​បេតិកភណ្ឌ​វប្បធម៌​ជាតិ​។

សូម​រម្លឹក​ថា ប្រទេស​កម្ពុជា​យើង បាន​ស្នើ​សុំ​ចុះបញ្ជី​ល្ខោនខោល​វត្ត​ស្វាយ​អណ្តែត កាលពីថ្ងៃ​ទី​៣១ ខែមីនា ឆ្នាំ​២០១៧​។ សម្រាប់​ការ​ប្រជុំ​ដែល​ទទួល​បាន​ជោគជ័យ​ដ៏​ត្រចះត្រចង់​នេះ​គឺ​មាន​ប្រតិភូ​កម្ពុជា បាន​ចូលរួម​ក្នុង​សម័យប្រជុំ​លើក​ទី​១៣ នៃ​គណៈកម្មាធិការ​អន្តររដ្ឋាភិបាល​សម្រាប់​ការ​ថែរក្សា​បេតិកភណ្ឌ​វប្បធម៌​អរូបី មាន​លោក​ជំទាវ​រដ្ឋមន្ត្រី ភឿ​ង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​, លោក កេ​ត សា​ផា​ន់ អនុរដ្ឋលេខាធិការ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ព្រមទាំង លោកស្រី Helen Jarvis និង​លោក Teruo Jinnai ដែល​ជាទី​ប្រឹក្សា​រដ្ឋាភិបាល មន្ត្រី​ជំនាញ និង​តំណាង​កម្ពុជា​ប្រចាំ​យូ​ណេ​ស្កូ ៥​រូប​ទៀត ៕