ត្រឡប់​មក​ពី​ជប៉ុន​លោក​នូ សុ​ភេ​ន​មិន​ត្រឹម​ឲ្យអន្តរជាតិ​ស្គាល់​អង្គរវត្ត​ថែម​ទាំងអោយដឹង​ពីរបាំ​និង​រឿង​«​ទុំ​ទាវ​»របស់​ខ្មែរ​!

25

កាលពី​រសៀល​ថ្ងៃ​ទី​១៥ ធ្នូ លោក​នូ សុ​ផេ​ន ដែល​ត្រូវ​គេ​ស្គាល់​ថា​ជា​អ្នក​ផលិត​ទម្រង់​វប្ប​ធ​ម៍​ម្នាក់ និង​ជា​អ្នក​ឌី​ហ្សា​ញ​ឈុត​បុរាណ​មួយ​រូប បាន​ត្រលប់​មក​ពី​ព្រឹត្តិការណ៍​Cambodian Week International ដែល​បាន​ធ្វើ​ឡើង​នៅ​ក្នុង​ប្រទេស​ជប៉ុន​វិញ​ហើយ បន្ទាប់​ពី​លោក​ចំណាយពេល​ច្រើន​ថ្ងៃ​នៅ​ជប៉ុន ដើម្បី​រៀបចំ​ទម្រង់​របាំ​ប្រជាប្រិយ​ខ្មែរ និង​បាន​ទាំំ​ង​តំឡើង​រឿង​ទុំ​ទាវ និយាយ​ជា​ភាសា​ខ្មែរ ផ្សព្វផ្សាយ​ទម្រង់​វប្ប​ធ​ម៍​ខ្មែរ​នៅ​ទីនោះ​។ លោក​បង្ហាញ​ពី​លទ្ធផល​ជោគជ័យ ជា​ពិសេស​ក្នុង​ពេល​ដែល​និស្សិត​បរទេស មក​ពី​ជាង​៤០​ប្រទេស ក៍បាន​ចូលរួម​សម្ដែង​សិល្បៈ​ខ្មែរ ដែល​ធ្វើ​អោយ​ព្រឹត្តិការណ៍ Cambodian Week មាន​សិល្បៈ​រស់​រវើក​ក្នុង​ពេល​សម្ដែង​ជូន​មហាជន​។

លោក នូ សុ​ផេ​ន អនុប្រធាន​នាយកដ្ឋាន​ផលិតកម្ម​ប្រចាំ​ទូរទស្សន៍​អប្សរា បាន​ថ្លែង​បន្ទាប់​ពី​ចុះ​ពីលើ​យន្តហោះ​មក​ថា លោក​ទទួល​បាន​ជោគជ័យ​យ៉ាង​ខ្លាំង ក្នុង​ការ​បង្ហាញ​ជូន​នូវ​ទម្រង់​សិល្បៈ​ច្រើន​ផ្នែក បន្ទាប់​ពី​និស្សិត​ខ្មែរ​ទទួល​អាហារូបករណ៍​នៅ​ក្នុង​ប្រទេស​ជប៉ុន​មួយ​ក្រុម បាន​ធានា​អោយ​លោក​ចេញ​ទៅ​រៀបចំ​ទម្រង់​វប្បធម៌ ដើម្បី​បង្កើត​ជា​ព្រឹត្តិការណ៍ Cambodian Week ប្រចាំឆ្នាំ ស្របគ្នា​នឹង​ប្រទេស​មួយ​ចំនួន​ដែល​មាន​និស្សិត​សិក្សា​នៅ​ក្នុង​ប្រទេស​ជប៉ុន​ដូច​គ្នា ក៏​បាន​រៀបចំ​ជា​ទម្រង់​វប្បធម៌​បង្អួត​ភ្នែក​អ្នកចូលរួម​ខ្លាំង​ជាង​កម្ពុជា​ភាគច្រើន​។

យ៉ាងណាមិញ លោក​ថា​ភាព​លេចធ្លោ​មិន​លើស​ពី​ក្រុម​កម្ពុជា​នោះ​ទេ បើ​ទោះជា​ទម្រង់​សិល្បៈ​របស់​ខ្មែរ​ទាំង​របាំ​ច្រើន​ប្រភេទ និង​ការ​សម្ដែង​រឿង​ទុំ​ទាវ ជា​ភាសា​អង់គ្លេស​ដែល​បាន​ធ្វើ​ឡើង សម្ដែង​ដោយ​និស្សិត​ខ្មែរ​តែ​៨​រូប​។ លោក​ថា​និស្សិត​បរទេស​រហូត​ដល់​៤៩​នាក់​បាន​ចូលរួម​សម្ដែង​របាំ និង​សម្ដែង​រឿង​ទុំ​ទាវ​ជួយ​ដល់​ក្រុម​ខ្មែរ​ទើប​ធ្វើ​អោយ​កម្មវិធី​ទាំងមូល​ទទួល​បាន​ភាព​ជោគជ័យ ហើយ​មិន​ចាញ់​ក្រុម​សិល្បករ​ថៃ វៀតណាម និង​ម៉ា​ឡេ​ជាដើម ដែល​គេ​យក​សិល្បករ​ជំនាញ​ៗ​ពី​ប្រទេស​គេ​ផ្ទាល់ យក​ទៅ​បង្ហាញ​នោះ​ទេ​។

លោក នូ សុ​ផេ​ន ពន្យល់​ថា ទោះជា​អ្នក​សម្ដែង​នៅ​ព្រឹត្តិការណ៍​នោះ មិនមែន​ជាតា​រា​អាជីព ហើយ​សុទ្ធតែ​ជា​និស្សិត​ទទួល​បាន​អាហារូបករណ៍​នៅ​ក្នុង​ប្រទេស​ជប៉ុន តែ​និស្សិត​ទាំងនោះ​មិនសូវ​មាន​ភាព​ខុសឆ្គង​ក្នុង​ការ​សម្ដែង​នោះ​ទេ ដោយសារ​តែ​មុន​ចេញ​សម្ដែង​៤​ខែ លោក​បាន​ផ្ញើ​ជូន​នូវ​វី​ដេ​អូ​ឯកសារ​ដើម្បី​អោយ​និស្សិត​ខ្មែរ និង​និស្សិត​បរទេស​ដែល​ជួយ​សម្ដែង​ហ្វឹកហាត់​យ៉ាង​ស្ទាត់​មក​ហើយ ដោយ​លោក​ក៏​បាន​ដើរតួ​កែ​ក្បាច់ និង​កែ​កាយវិកា តាម​រយៈ​វី​ដេ​អូ​ផ្ញើ​ទៅ​ផ្ញើ​មក ទើប​ធ្វើ​អោយ​និស្សិត​ទាំំ​ង​នោះ​នៅ​ពេល​ការ​សម្ដែង​លេចឡើង​គឺ​មិន​មាន​បញ្ហា​។ លោក​ថា​ក្រោយ​ការ​បង្ហាញ​អោយ​ឃើញ​ពី​វប្បធម៌​របស់​ខ្មែរ មាន​ជនបរទេស​ច្រើន​ឡើង​បាន​ស្គាល់​ពី​ខ្មែរ ខណៈ​ដែល​ក្នុង​ពេល​មុនគេ​ដឹង​ត្រឹមតែ​ថា​ខ្មែរ​មាន​អង្គរវត្ត តែ​មិនសូវ​ដឹង​ច្រើន​រឿង​ខ្មែរ​មាន​របាំ​យ៉ាង​មិច នឹង​មាន​សាច់​រឿង​ទុំ​ទាវ​ដ៏​ជក់ចិត្ត​ដល់​ម្លឹ​ង​ឡើយ​៕