តារាកំប្លែងនាយ សាន ម៉ៅ សង្គ្រោះបន្ទាន់ និងកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យកាល់ម៉ែត ដោយមានជម្ងឺបេះដូងចំហរ និងហើមសួត ស្ថិតក្រោមការតាមដានអស់រយៈពេល២-៣ថ្ងៃមកហើយ ។ នេះបើតាមការរៀបរាប់របស់ លោក អុឹម ជីវ៉ា ។
លោក អុឹម ជីវ៉ា ក៏បានមកសួរសុខទុក្ខ នាយ សាន ម៉ៅ ដល់មន្ទីរពេទ្យផ្ទាល់តែម្តង ហើយទាំងបានរៀបរាប់នៅលើទំព័រហ្វេសបុកគណនី អុឹម ជីវ៉ា ថា « ពេលនេះតារាកំប្លែង នាយ សាន ម៉ៅ កំពុងសង្គ្រោះបន្ទាន់នៅមន្ទីពេទ្យកាល់ម៉ែត្រអាគារបេះដូង ដោយជំងឺបេះដូងចំហរនិងហើមសួត។ ព្រឹកនេះមកសួរសុខទុក្ខបង ប្អូនដឹងថា បង សានម៉ៅ ចូលសង្គ្រោះបន្ទាន់ពីរបីថ្ងៃហើយ តែប្អូនមកមិនរួចដោយសារប្អូនក៏មានបញ្ហាធំដែរបងអើយ ពេលប្អូនគ្រោះថ្នាក់ក្រឡាប់ឡាន បងខលមកប្អូនថាជីវ៉ាយ៉ាងម៉េចហើយប្អូន?? តែស្រាប់តែពីរថ្ងៃក្រោយបងចូលពេទ្យសង្គ្រោះបន្ទាន់ ពេលដឹងភ្លាមប្អូនចង់មកណាស់តែអារម្មណ៍ផ្លូវចិត្តរបស់ប្អូនមិនទាន់បានជាសះស្បើយនៅឡើយហើយក៏មិនទាន់បានដោះស្រាយរួចរាល់តាមផ្លូវច្បាប់ដែរ តែទោះជាប្អូនកំពុងមានទុក្ខក៏ប្អូនត្រូវតែមកផ្តល់ស្នាមញញឹមកម្លាំងចិត្តជូនបងដែរ ព្រោះសិល្បករបើយើងមានគ្នាតែប៉ុន្មាននាក់បើយើងមិនចេះស្រលាញ់គ្នា ជួយគ្នាតើអោយទស្សនិកជនគេគាំទ្រយើងម៉េចកើត។ សូមគោពរពរបងអោយឆាប់ជាសះស្បើយ មានសុខភាពល្អ និងអាលបានចូលសំដឺងកំប្លែងវិញ ។ ដោយក្តីគោរពអំពីប្អូន អុឹម ជីវ៉ា »។

គួររំលឹកផងដែលថាកាលពីថ្មីៗកន្លងទៅ នាយ សាន ម៉ៅ ក៏ធ្លាប់ត្រូវបានក្រុមគ្រួសារបញ្ជូនមកមន្ទីរពេទ្យម្តងផងដែរ ដោយជម្ងឺបេះដូង និងទឹកក្នុងសួត ។ រីឯលោក អុឹម ជីវ៉ា វិញក៏ទើបតែជួយគ្រោះថ្នាក់ចរាចរណ៍កាលពីប៉ុន្មានថ្ងៃមុននេះផងដែរស្លាប់ម្នាក់នៅនឹងកន្លែង តែមិនបានធ្វើលោកមានគ្រោះថ្នាក់អ្វីទេ៕





